(អាមេរិក)៖ តារាចម្រៀងប៉បល្បីឈ្មោះរបស់អាមេរិក នៅកំឡុងចុងទសវត្សឆ្នាំ១៩៩០ និងដើមទសវត្សឆ្នាំ២០០០ គឺ Britney Spears នឹងបង្ហាញខ្លួនដោយផ្ទាល់ នៅចំពោះមុខតុលាការទីក្រុង Los Angeles ដើម្បីដោះស្រាយជុំវិញរឿងឯកជនរបស់នាង ខណៈតារារូបនេះបានរស់នៅក្រោមការគ្រប់គ្រងដោយអាណាព្យាបាលជាច្រើនឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Straits Time នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

លោក Samuel Ingham មេធាវីរបស់តារាចម្រៀង Britney Spears បានថ្លែងប្រាប់តុលាការ Los Angeles នៅថ្ងៃអង្គារ៍សប្តាហ៍នេះថា កូនក្តីរបស់ខ្លួន បានស្នើសុំឡើងសវនាការដោយផ្ទាល់។ តបតាមសំណើរនេះ ចៅក្រមបានកំណត់ពេលវេលាជាក់លាក់មួយដើម្បីឲ្យ Spears បានថ្លែងដោយផ្ទាល់ទៅកាន់តុលាការ តាមអ្វីដែលនាងចង់បាន ខណៈសវនាការរបស់នាង នឹងធ្វើនៅថ្ងៃទី២៣ ខែមិថុនា ខាងមុខ។

រហូតមកទល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើ បញ្ហាជាក់លាក់មួយណា ដែលតារាចម្រៀងរូបនេះ គ្រោងនឹងថ្លែងទៅកាន់តុលាការ ដើម្បីសុំការដោះស្រាយ។ ត្បិតនាងត្រូវបានគេដឹងថា បានស្ថិតក្នុងការគ្រប់គ្រងរបស់ឪពុកនាង ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ បន្ទាប់ពីនាងមានបញ្ហាផ្លូវចិត្ត។

គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Britney Spears បានទទួលរងជំងឺផ្លូវចិត្តអស់រយៈពេល១២ឆ្នាំមកហើយ ខណៈជានិច្ចកាលអ្នកគាំទ្រ តែងតែបង្ហាញក្តីព្រួយបារម្ភរបស់ពួកគេ ទៅលើតារាស្រីដួងនេះ តាមរយៈបណ្តាញសង្គមជារឿយៗ។
ជាពិសេស តាំងពីឆ្នាំ២០១៨មក គេសង្កេតឃើញថា នាងមិនបានបង្ហាញការសម្តែងជាសាធារណៈដូចសព្វមួយដងឡើយ ដែលកត្តានេះកាន់តែធ្វើឲ្យអ្នកគាំទ្រមានក្តីបារម្ភកាន់តែខ្លាំង ខណៈការផ្ញើសារនាពេលថ្មីៗនេះ ពីបច្ចុប្បន្នភាពរបស់នាង ហាក់ធ្វើឲ្យអ្នកគាំទ្រធូរស្បើយ ក្នុងចិត្តមួយកម្រិត៕