(ម៉ាឌ្រីដ)៖ ខ្សែការពារស្លាបឆ្វេង Marcelo របស់ក្រុម Real Madrid អាចអវត្តមានពីការប្រកួតជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League សប្តាហ៍ក្រោយនេះទល់នឹង Chelsea ដោយសារកាតព្វកិច្ចត្រួតពិនិត្យការិយាល័យបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោតក្នុងស្រុកនៅប្រទេសអេស្ប៉ាញ។

ការបោះឆ្នោតសម្រាប់ទីក្រុង Madrid ប្រទេសអេស្ប៉ាញនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី០៤ ខែឧសភា មុន១ថ្ងៃពេល Real Madrid ប៉ះតោខៀវ Chelsea នៅរាត្រីថ្ងៃពុធ ទី០៥ ខែដដែលក្នុងទឹកដីនៃកីឡដ្ឋាន Stamford Bridge ដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

អតីតក្រុមជើងពាន UCL ១៣សម័យកាលច្រើនជាងគេ Real Madrid បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ពីការប្រកួតជើងទី១ ទល់នឹង Chelsea កាលពីរាត្រីថ្ងៃអង្គារ នៅពេលដែលខ្សែការពារប្រេស៊ីល Marcelo ក៏បានលេង ៧៧នាទី មុនពេលប្តូរចេញផងដែរ។

កាសែត El Mundo របស់អេស្ប៉ាញបានចេញផ្សាយថា ក្លិប Real Madrid បានអំពាវនាវដល់គណៈកម្មការរៀបចំការបោះឆ្នោត ប៉ុន្តែសំណើនេះត្រូវបានបដិសេធ៕