(អាមេរិក)៖ ក្រុមហ៊ុន Apple Inc បានប្រកាសបង្ហាញពីការលក់ និងប្រាក់ចំណេញនៅត្រីមាសដើមឆ្នាំ២០២១ ដោយទទួលបានលើសការរំពឹងទុករបស់ស្ថាប័នវិភាគ Wall Street ដោយក្នុងនោះ iPhone 5G បានជំរុញកំណើនប្រាក់ចំណេញ ប៉ុន្តែបានព្រមានថា កង្វះខាតបន្ទះឈីបនៅលើពិភពលោកអាចធ្វើឱ្យការលក់ iPad និង Mac ខាតបង់រាប់ពាន់លានដុល្លារ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Apple បានជោគជ័យខ្លាំងលើការលក់នៅក្នុងប្រទេសចិន ដោយបានកើនឡើងជិតទ្វេដង និងគ្រប់ផលិតទាំងអស់របស់ Apple ជាពិសេស iPhone បាននាំមុខគេ និងទទួលបានប្រាក់ចំណូលពីការលក់ ៦.៥ពាន់លានដុល្លារអាមេរិក ខណៈដែលការលក់ Mac កើនឡើងលើសការព្យាករជាង៣ដង។

តួលេខនៃការលក់ iPhone សរុបគិតជាទឹកប្រាក់មានចំនួន ៤៧.៩ពាន់លានដុល្លារ និងការលក់ iPad ទទួលបាន ៧.៨ពាន់លានដុល្លារអាមេរិក ខណៈដែលការលក់ Mac ទទួលបាន ៩.១ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា នៅក្នុងរបាយការណ៍របស់ Apple បានបញ្ជាក់ថា ការលក់និងប្រាក់ចំណេញមានចំនួន ៨៩.៦ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងខែមីនា ខណៈដែលក្រុមអ្នកវិភាគបានព្យាករថា ទទួលបានត្រឹមតែ ៧៧.៤ពាន់លានដុល្លារ៕