(ម៉ាឌ្រីដ)៖ កីឡាករតេន្នីសលំដាប់ថ្នាក់លេខ១ ពិភពលោក Novak Djokovic នឹងមិនការពារតំណែងជើងឯក Madrid Open របស់លោក នៅសប្តាហ៍ក្រោយនោះទេ ដោយសារលោកបានសម្រេចមិនធ្វើដំណើរ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តេន្នីស ដែលរៀបចំឡើងដោយ ATP Masters 1000។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

កីឡាករស៊ែប៊ីវ័យ ៣៣ឆ្នាំខាងលើនេះត្រូវបានគេមើលឃើញចុងក្រោយ នៅក្នុងការប្រកួតនៅលើទឹកដីកំណើតរបស់លោក នៅក្នុងព្រឹត្តិការណ៍ Serbia Open កាលពីសប្តាហ៍មុន ជាកន្លែងដែលលោកបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលចាញ់កីឡាករ Aslan Karatsev របស់រុស្ស៊ី។

«សុំទោស ដែលខ្ញុំមិនអាចធ្វើដំណើរទៅកាន់ទីក្រុង Madrid ក្នុងឆ្នាំនេះ ហើយជួបអ្នកគាំទ្រទាំងអស់របស់ខ្ញុំ»។ នេះបើតាមលោក Djokovic បានលើកឡើងនៅក្នុងសារមួយ ដែលត្រូវបានចែករំលែកដោយអ្នករៀបចំកម្មវិធី Madrid Open នៅលើ Twitter។

លោកបន្ថែមថា «វាមានរយៈពេល ២ឆ្នាំទៅហើយ។ វាពិតជាយូរណាស់។ សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាវិញនៅឆ្នាំក្រោយ»

ការរីករាលដាលនៃមេរោគ COVID-19 បានបង្ខំឲ្យព្រឹត្តិការណ៍ Madrid Open ឆ្នាំ២០២០ ត្រូវបានលុបចោល ដែលនេះមានន័យថា ម្ចាស់ជយលាភី ឆ្នាំ២០១៩ Djokovic នៅតែជាម្ចាស់ជើងឯកចុងក្រោយនៅឯព្រឹត្តិការណ៍នេះដដែល៕