(ភ្នំពេញ)៖ ខេមរសហព័ន្ធតេក្វាន់ដូ WT កម្ពុជា បានត្រៀមបញ្ជូនអត្តពលិក ២រូបដើម្បីចូលរួមប្រកួតជម្រុះកីឡាអូឡាំពិក ក្រុងតូក្យូ ឆ្នាំ២០២០ ដែលលើកមកធ្វើនៅឆ្នាំ២០២១ នៅប្រទេសហ្ស៊កដានីនាខែឧសភាខាងមុខ តែមិនមានបេក្ខភាពកីឡាការិនី ស៊ន សៀវម៉ី ឡើយ ពោលគឺមានកីឡាការិនីខ្មែរ-អាមេរិក Cassandre Nicole Tubbs និងកីឡាករ វ៉ា មិថុនា។
លោក គង់ សក្កដា អគ្គលេខាធិការរងសហព័ន្ធ បានបញ្ជាក់ថា កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាខាងលើនឹងដឹកនាំដោយគ្រូបង្វឹកលោក ឆយ យ៉ុងសុក និងគ្រូជំនួយលោក Tubbs Gregory Allan ដើម្បីចូលរួមប្រកួតជម្រុះអូឡាំពិក នៅហ្ស៊កដានី ដោយកីឡាការិនី Cassandre Nicole ត្រូវប្រកួតលើវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ត្រូវប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០គីឡូក្រាម។
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ការប្រកួតជម្រុះអូឡាំពិកឆ្នាំនេះ សហព័ន្ធមិនបានបញ្ជូនកីឡាការិនី ស៊ន សៀវម៉ី ចូលរួមនោះទេ ដ្បិតអតីតម្ចាស់មេដាយកីឡាអាស៊ី ឆ្នាំ២០១៤ រូបនេះ គឺជាអត្តពលិកកម្ពុជាដំបូងដែលបានចូលរួមប្រកួតកីឡាអូឡាំពិកដោយពេញសិទ្ធិ បន្ទាប់ពីនាង ដណ្ដើមបានមេដាយមាស នៅក្នុងការប្រកួតជម្រុះកីឡាអូឡាំពិក ទីក្រុង Rio ប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១៦ កន្លងទៅ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា អត្តពលិកកម្ពុជា ដែលត្រូវបញ្ជូនទៅប្រកួតអូឡាំពិកឆ្នាំនេះ គឺមាន ៤ប្រភេទ ក្នុងនោះ ២ប្រភេទត្រូវប្រកួតជម្រុះ រួមមានកីឡាតេក្វាន់ដូ និងកីឡាគុនដាវ ប៉ុន្ដែគុនដាវ បានបញ្ចប់ការប្រកួតជម្រុះហើយ ដោយធ្លាក់មិនបានឡើងវគ្គបន្ដនោះទេ។ រីឯ ២ប្រភេទទៀត គឺកីឡាហែលទឹក ២រូប និងកីឡាអត្តពលកម្មម្នាក់ ដែលទទួលបានសិទ្ធិអនុគ្រោះចូលរួមប្រកួតតែម្ដង៕