(ភ្នំពេញ)៖ ក្រុមហ៊ុន សែលខាត (Cellcard) ជាក្រុមហ៊ុនរបស់ខ្មែរ ដែលផ្តល់សេវាទូរស័ព្ទចល័តឈានមុខគេ នៅប្រទេសកម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក។
សកម្មភាពមនុស្សធម៌ជាច្រើន ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ចូលរួមរាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅគ្រាដែលប្រទេសជាតិ ជួបវិបត្តិនៃជំងឺកូវីដ១៩ តាមរយៈការបរិច្ចាគថវិការាប់លានដុល្លារ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាដើម។
ថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានបន្តបិរច្ចាគថវិកា ២លានដុល្លារអាមេរិក រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យ «នគរទេព» ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដោយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ដើម្បីធានានូវស្ថិរភាពបណ្តាញសេវាទូរស័ព្ទ និងប្រព័ន្ធអ៉ីនធើណិត ក្នុងមន្ទីរពេទ្យ «ហ្លួងម៉ែ» ក្រុមហ៊ុន Cellcard បានចាត់ក្រុមការងារបច្ចេកទេសរបស់ខ្លួន ឱ្យធ្វើដំឡើងឧបករណ៍ Easy-Macro site នៅក្នុងមន្ទីរពេទ្យ ដើម្បីជួយក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺកូវីដ១៩។
ដោយមានការគាំទ្រដ៏ប្រសើរ រវាងក្រុមការងាររបស់ក្រុមហ៊ុន Huawei Cambodia និងក្រុមការងារក្រុមហ៊ុន Cellcard ការដាក់ពង្រាយ និងដំឡើងឧបករណ៍ Easy-Macro site ដែលជាឧបរណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ជាមួយលទ្ធផលយ៉ាងល្អ។
ឧបករណ៍ Easy-Macro site មានសមត្ថភាពខ្ពស់ ក្នុងការសម្របសម្រួលបណ្តាញឥតខ្សែ (Wireless) ល្បឿនលឿន ជាពិសេសសម្រាប់នៅតាម កន្លែងមានការប្រើប្រាស់ច្រើន។ មិនតែប៉ុណ្ណោះ ឧបករណ៍នេះ មានភាពងាយស្រួលក្នុងការដំឡើង និងមិនសូវប៉ះពាល់ដល់បរិស្ថាន ព្រមទាំងពុំទាមទារឲ្យមានកន្លែងធំទូលាយសម្រាប់បំពាក់វាឡើយ។
សកម្មភាពដ៏រហ័ស និងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើតឱកាសឲ្យទទួល បានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយគុណភាពខ្ពស់ ពិតជាផ្ដល់នូវសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងការរាលដាល និងការសង្គ្រោះជីវិតប្រជាជន ប្រកបដោយប្រសិទ្ធភាព។
យើងទាំងអស់គ្នាសុទ្ធ តែមានចំណែកក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩។ សូមយើងទាំងអស់គ្នាយកចិត្តទុកដាក់ និងថែរក្សាសហគមន៍ ដោយចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ក៏ដូចជាគោរពឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរក្សាសុខភាព និងសុវត្ថិភាពទាំងឡាយ របស់ក្រសួងសុខាភិបាល៕