(ភ្នំពេញ)៖ ដោយ​មើលឃើញ​​​​ពី​តម្រូវការ​យ៉ាង​ច្រើន​ បន្ទាប់​ពី​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​គិរីសួគ៌ ផ្តល់ជូន​ទឹក​ដោះ​គោ​ស្រស់ ១០០% ដោយ​ឥត​គិត​ថ្លៃ​ចំនួន ជាង ១០០​ ០០០លីត្រ​ជូនអតិថិជន​របស់ខ្លួន​ក្នុង​រយៈពេល​កន្លងមកនេះ កសិដ្ឋានគិរីសួគ៌ បាន​សម្រេច​ចិត្ត ​​​បន្ត​ប្រូម៉ូសិន​ថ្មី​មួយ​ទៀត​​​​ ក្នុង​ខែ​ឧសភា។

​កសិដ្ឋានចិញ្ចឹមគោយក​ទឹក​ដោះ​គិរីសួគ៌​របស់ក្រុមហ៊ុន Khmer Fresh Milk បាន​ឱ្យដឹងថា ​​ប្រូម៉ូសិន​ថ្មីនេះ​គឺជាការ​ឆ្លើយ​តបទៅនឹង​ការ​បន្តការ​បិទ​ខ្ទប់ និង​បម្រាម​គោចរ​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត​នៅក្នុង​ប្រទេស ។ ក្រុមហ៊ុន​បាននិងកំពុង​ចូលរួមយ៉ាងសកម្មក្នុង​​សមរភូមិ​​ប្រយុទ្ធប្រឆាំង​ទៅ​នឹង​ជំងឺ​កូវីដ-១៩។

ប្រូម៉ូសិនថ្មីនេះ​គឺ​ទិញ​ពីរ​ដប​ទទួលបាន​មួយ​ដប​ដោយ​មិនគិតថ្លៃ​ សម្រាប់​ទឹកដោះ​គោស្រស់​ ១០០% ចំណុះ ២លីត្រ ឬចំណុះ ៨៣០​លីត្រ​របស់​កសិដ្ឋានគិរីសួគ៌ ដែលអាច​រកទិញបាន​នៅ​ផ្សារ​ទំនើប​នានា និង​ហាង​លក់​ទំនិញ​ផ្សេងៗ​ទៀត​ក្នុង​រាជធានីភ្នំពេញក្នុង​រយៈពេល​ពេញ​មួយ​ខែ​ឧសភា។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានថ្លែង​ថា «ពិត​ណាស់ យើង​ចង់​បន្ត​ការ​ផ្តល់ប្រូម៉ូសិន​ទិញមួយ​ថែមមួយ ដូច​ដែល​បាន​ផ្តល់ជូន​កន្លង​មក ប៉ុន្តែ​ក្នុងនាមជាក្រុមហ៊ុនថ្មី​ យើង​ក៏​ត្រូវ​រក្សា​និរន្តរភាព​ខ្លួន​ឯង​ផង​ដែរ ​។ តម្រូវ​ការ​ដ៏​លើស​លុប​នូវ​ទឹក​ដោះ​គោស្រស់​​របស់​យើង​ក្នុង​រយៈពេល​កន្លង​មក​នេះ បាន​​ធ្វើ​អោយ​ផលិតកម្ម​របស់​យើងឈាន​ដល់​កម្រិត​អតិបរមា ហើយអតិថិជន​របស់​យើងដែល​ចូល​ចិត្ត​ទឹក​ដោះ​​​ស្រស់​ក្នុង​ស្រុក​ ​អាក់​អន់ចិត្ត​ ​​ដោយ​មិនអាច​រកទិញ​បាន»

លោក ឈរ រិទ្ធី បានបន្ថែមថា «ជាមួយ​ទឹកដោះ​គោ​ស្រស់​ជាង ១​សែនលីត្រ​ដែល​បាន​ផ្តល់​ទៅ​ឱ្យ​សាធារណជន​រួច​ហើយ​នោះ យើង​នឹងបន្ត​​ការ​ជួយ​ប្រជាជន​បន្ថែម​ទៀត ​ ​តាម​រយៈ​ប្រូម៉ូសិន​​ទិញ​ពីរ​ថែមមួយ​នេះ ​រាល់ពេលជាវ ​ទឹកដោះ​គោ​ស្រស់របស់កសិដ្ឋានគិរីសួគ៌របស់​យើង»

ក្រៅពីការ​ផ្តល់ជូន​ដល់អតិថិជន​ ​នូវ​ប្រូម៉ូសិនទិញ​ពីរ​ដប​ថែម​ជូន​​មួយ​ដប​ដោយ​ឥត​​គិត​ថ្លៃដ៏ទាក់ទាញ​នេះ សិដ្ឋានគិរីសួគ៌​ក៏បាននិងកំពុងចូលរួម​​គាំទ្រ​ដល់​ប្រទេសកម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ផង​ដែ​រ ​​តាមរយៈការ​ផ្គត់​ផ្គង់​ទឹកដោះ​គោ​ស្រស់១០០% ជូន​ដល់​បុគ្គលិក​សុខាភិបាលដែល​កំពុង​ធ្វើការ​ដោយ​ផ្ទាល់​នៅ​សមរភូមិ​ជួរមុខ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩។

លោក ឈរ រិទ្ធី បានថ្លែង​ទៀត​ថា «យើ​ង​សូមគោរព​និងអរគុណចំពោះ​បុគ្គលិក​សុខាភិបាល​ដ៏​ក្លាហាន​ទាំង​នេះ ដែល​​ប្រថុយ​អាយុជីវិត​របស់ពួកគេ​ដើម្បីការពារ​ពួក​យើង។​ដូច្នេះហើយ​ អ្វីដែល​យើង​អាចជួយ​បាន យើង​នឹង​ជួយ។ ពេល​នេះជាពេលវេលាសម្រាប់​​យើង​ជួយយើង គឺ​ប្រជាជនកម្ពុជា​ ត្រូវជួយគ្នាក្នុង​​ពេល​វេលា​ដ៏​លំបាក​នេះ»