(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានបរាជ័យ ២-១ នៅក្នុងផ្ទះរបស់ Villarreal គ្រាដែល Nicolas Pepe រកបានតែ ១គ្រាប់វាយបកក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League។

១គ្រាប់របស់កីឡាករបារាំង Pepe កើតឡើងនៅនាទី៧៣ ដោយបាល់ប៉េណាល់ទី ដោយសារខ្សែការពាររបស់ Villarreal បានធ្វើឲ្យ Bukayo Saka ដួលក្នុងប្រអប់គ្រោះថ្នាក់ គ្រាដែលក្រុមរបស់លោក Mikel Arteta នៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះគិតចាប់តាំងពីនាទី៥៧មក ដោយសារ Dani Cebellos ត្រូវបានពិន័យកាតលឿង ២ដង ស្មើនឹងកាតក្រហម នៅមុនពេលក្រុមអេស្ប៉ាញ Villarreal ក៏បានបាត់បង់សមាជិកម្នាក់ដូចគ្នាចាប់ពីនាទី៨០មក ដោយសារ Capoue ទទួលបានកាតលឿង ២ដងដូចគ្នា។

តាមរយៈលទ្ធផលនេះ មានន័យថា Arsenal ត្រូវការតែ ១គ្រាប់ប៉ុណ្ណោះពីការប្រកួតក្នុងដីនៃកីឡដ្ឋាន Emirates ក្នុងជើងទី២ នារាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយពេលជួបក្រុមរបស់លោក Unai Emery ដែលបានកំពុងធ្វើបានល្អក្នុងការដឹកនាំ Villarreal។

Arsenal ព្យាយាមឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន UEL ជាលើកទី២ ក្នុងចំណោម ៣សម័យកាលចុងក្រោយនេះ ដែលបានចាញ់ក្រុមអង់គ្លេសដូចគ្នា តោខៀវ Chelsea កាលឆ្នាំ២០១៩ នៃលទ្ធផល ៤-១៕