(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ មានសមត្ថភាពអាចច្រៀងបានច្រើនភាសា អ្នកនាង ស៉ិន ឧត្តមផល្លា នៅទីបំផុតបានដាច់ចិត្តទម្លាយប្រាប់សាធារណជនថា ខ្លួនមានជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល ដោយការបាញ់កាំរស្មីជាង៣០ដងទៅហើយ ខណៈភាគរយនៃការជាសះស្បើយ ហាក់មានតិចនៅឡើយ។

តារាចម្រៀងពោរពេញដោយសមត្ថភាព ស៉ិន ឧត្តមផល្លា បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះ ទាំងសំឡេងខ្សាវៗយ៉ាងដូច្នេះថា អ្នកនាងបានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក)ប៉ុណ្ណោះ ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ។ តែយ៉ាងណា បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៉ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីកក្នុងខួរក្បាលតែម្តង ដែលរហូតមកទល់នឹងពេលនេះ គឺជាដំណាក់ធ្ងន់ធ្ងរទៅហើយ។

តារាចម្រៀងរូបនេះ បានបន្តថា បច្ចុប្បន្នខ្លួនកំពុងព្យាបាលនៅមន្ទីពេទ្យឯកទេសមហារីកមួយកន្លែង ក្នុងទីក្រុងភ្នំពេញ តាមរយៈការបាញ់កាំរស្មីជាង៣០ដងទៅហើយ ពោលគឺបាញ់ជាប្រចាំ ដែលធ្វើឲ្យសំឡេងរបស់នាងមានភាពប្រែប្រួលទៅហើយ និយាយទាំងខ្សាវៗ និងមិនសូវច្បាស់តែម្តង។ ចំណែកឯលទ្ធភាពនៃការជាសះស្បើយ ហាក់មានភាគរយតិចតែម្តង។ អ្នកនាង ស៉ិន ឧត្តមផល្លា ធ្លាប់បាននិយាយថា ស្ថិតក្នុងដំណាក់កាលពេលនេះ អ្វីដែលអ្នកនាង ចង់បានគឺគ្រាន់តែឃើញកូនៗរបស់នាង មានប្តីប្រពន្ធរួច ប៉ុណ្ណោះ។

យ៉ាងណាមិញ តាមរយៈការអំពាវនាវពីតារាចម្រៀងរួមក្រុម ជាពិសេសតាមរយៈលោក យ៉ែម សំអូន គឺសង្កេតឃើញថា មានអ្នកសិល្បៈរួមអាជីពជាបន្តបន្ទាប់ បានចូលរួមបរិច្ចាគជាទឹកប្រាក់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយចេញថ្លៃព្យាបាលដល់ តារាចម្រៀង ស៉ិន ឧត្តមផល្លា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

គួរជម្រាបថា អ្នកនាង ស៉ិន ឧត្តមផល្លា បានប្រឡូងក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ បច្ចុប្បន្នកេរ្តិ៍ឈ្មោះតារារូបនេះ ហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស, ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ។ ភាពយន្តដែលអ្នកនាងបានសម្តែងកន្លងទៅ គឺ «រាជនីភូមិគ្រិះ» របស់ទូរទស្សន៍ហង្សមាស ដែលដើរតួជាម្តាយរបស់លោក ណុប បាយ៉ារិទ្ធ។ អ្នកនាង បានបាត់មុខពីវិស័យចម្រៀង ១ឆ្នាំចុងក្រោយនេះ ដោយសារសម្រាកព្យាបាលជមងឺមហារីក ដែលទើបនឹងបង្ហាញប្រាប់សាធារណជនឲ្យដឹងនៅពេលនេះ ពោលគឺអ្នកនាង បានសំងំព្យាបាលជំងឺនេះតាំងពីខែ៤ ឆ្នាំ២០២០ មកម្ល៉េះ៕