(អាមេរិក)៖ ក្រុមហ៊ុន Amazon បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុបឋមប្រចាំត្រីមាសដើមឆ្នាំ២០២១ ដោយប្រាក់ចំណេញដែលទទួលបានលើសពីការរំពឹងទុកក្នុងនោះប្រាក់ចំណេញភាគច្រើនបានមកពីការទិញម្ហូបអាហារ និងគ្រឿងទេស ដែលអតិថិជនអាមេរិកភាគច្រើនបាននៅផ្ទះ និងពិបាកក្នុងការចេញទៅស្វែងរកទិញទំនិញនៅខាងក្រៅ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ៣០ ខែមេសាឆ្នាំ២០២១ បានដឹងថា ដោយសារតែបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យអតិថិជនអាមេរិកភាគច្រើនត្រូវសម្ងំនៅក្នុងផ្ទះ ជាពិសេសគឺពួកគេពិបាកក្នុងការចេញទៅខាងក្រៅដើម្បីទិញម្ហូបអាហារ ហេតុនេះហើយទើបមានការបញ្ជាទិញតាមរយៈអនឡាញមានការកើនឡើងខ្ពស់ ក្នុងនោះ Amazon ក៏ទទួលបានការបញ្ជាទិញអាហារនិងគ្រឿងទេសជាច្រើនផងដែរ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon នៅត្រីមាសដើមឆ្នាំ២០២១នេះ ទទួលបាន ១០៨.៥ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ៤៤ភាគរយ និងច្រើនជាងការព្យាកររបស់ក្រុមអ្នកវិភាគ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សេវាកម្ម Amazon Prime បានកើនឡើងនូវអ្នកប្រើប្រាស់រហូតដល់ ២០០លាននាក់ ដែលវាជាផ្នែកមួយជំរុញឲ្យប្រាក់ចំណូល Amazon ឲ្យកើនឡើងផងដែរនៅក្នុងត្រីមាសនេះ៕