(អាមេរិក)៖ មនុស្សសរុប៥នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងចោទប្រកាន់ ជុំវិញហេតុការណ៍បាញ់ប្រហារទៅលើអ្នកស៉ីឈ្នូលដឹកឆ្កែចិញ្ចឹមឲ្យកំពូលតារាចម្រៀង Lady Gaga និងបានប្លន់សត្វឆ្កែសំណព្វរបស់តារាចម្រៀងរូបនេះយកទៅបាត់ស្រមោល។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីនាយកដ្ឋានប៉ូលីសនៅ Los Angeles ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ជនសង្ស័យ៣នាក់ ដែលមានអាយុចន្លោះពី១៨ដល់២៧ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ និងចោទប្រកាន់ពីបទ «ប៉ុនប៉ងមនុស្សឃាត» ខណៈជនសង្ស័យ២នាក់ផ្សេងទៀត មានអាយុចន្លោះពី ៤០ទៅ៥០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតប៉ុនប៉ងមនុស្សឃាត»។ ប៉ូលីសបាននិយាយថា ក្នុងចំណោមជនសង្ស័យទាំង៥នាក់នោះ មាន៤នាក់គឺជាក្រុមក្មេងទំនើង។
បើតាមមន្ត្រីប៉ូលីសបានឲ្យដឹងថា ក្រុមអ្នកស៉ើបអង្កេតស្ទើរតែមិនគួរឲ្យជឿនោះទេ ថាជនសង្ស័យបានបាញ់តម្រង់សំដៅទៅលើជនរងគ្រោះ ដោយសារតែសត្វឆ្កែ។ តែយ៉ាងណា បើតាមភស្តុតាង បានបង្ហាញថា ដោយសារតែជនសង្ស័យបានដឹងថា សត្វឆ្កែចិញ្ចឹមរបស់តារាចម្រៀង Lady Gaga នោះមានតម្លៃថ្លៃខ្លាំង ទើបជំរុញឲ្យពួកគេឈានទៅដល់ការប្រព្រឹត្តិអំពើបាញ់ និងប្លន់យកសត្វឆ្កែ ពូជ bulldog បារាំង នោះតែម្តង។
គួរជម្រាបថា កាលពីខែកុម្ភៈកន្លងទៅនេះ សត្វឆ្កែ bulldog បារាំង ពីរក្បាលរបស់កំពូលតារាចម្រៀង Lady Gaga ឈ្មោះថា Koji និង Gustav ត្រូវបានមនុស្សមួយក្រុមប្លន់យកទៅបាត់ស្រមោល និងបានបាញ់អ្នកស៉ីឈ្នូលបណ្តើរសត្វឆ្កែទាំងពីរក្បាលនោះឲ្យរងរបួសធ្ងន់ទៀតផង។ ក្រោយពីប្រកាសថា អ្នកដែលរកឃើញសត្វឆ្កែទាំងនោះ និងយកវាត្រឡប់មកវិញ ដោយឲ្យប្រាក់រង្វាន់ចំនួន៥០ម៉ឺនដុល្លារ ប៉ុន្មានថ្ងៃក្រោយមក មានស្ត្រីម្នាក់ដឹកឆ្កែពីរក្បាលនោះ ទៅប្រគល់ឲ្យប៉ូលីស ខណៈបច្ចុប្បន្នស្ត្រីរូបនោះក៏កំពុងជាប់ការសង្ស័យផងដែរ៕