(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចពន្យារពេលការប្រកួតជម្រុះពានរង្វាន់ AFC Cup 2021 រវាងក្លិបវិសាខា និងក្លិប Lalenok United របស់ប្រទេសទីម័រខាងកើតម្ដងទៀតហើយ។ ទន្ទឹមជាមួយគ្នា លោក ហុក សុចិត្រា អគ្គលេខាធិការក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ ក៏បានទម្លាយពីការខកខានឱកាសធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះផងដែរ ដោយសារបញ្ហាកូវីដ-១៩។

ការប្រកួតជម្រុះដណ្ដើមកៅអីវគ្គចែកពូលនេះ ដើមឡើយត្រូវប្រកួតនាថ្ងៃទី២៨ ខែមេសាកន្លងទៅ តែដោយសារមានការស្នើសុំពីក្លិបបាល់ទាត់វិសាខា អំឡុងពេលមានការរីករាលខ្លាំងនៃជំងឺកូវីដ-១៩ នៅកម្ពុជា AFC ក៏សម្រេចលើកពេលទៅប្រកួតនាថ្ងៃទី១៩ ខែឧសភាខាងមុខ។ ប៉ុន្ដែនៅថ្ងៃទី៣០ ខែមេសានេះ AFC បានចេញលិខិតថ្មីមួយទៀត ដោយសម្រេចបន្ដពន្យារពេលការប្រកួតខាងលើទៅប្រកួតនាថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១ វិញ។

ជុំវិញការលើកពេលម្ដងហើយម្ដងទៀតនេះ លោក ហុក សុចិត្រា បានបញ្ជាក់ថា ហេតុផលធំបំផុត គឺដោយសារបញ្ហាជំងឺកូវីដ-១៩។ លោកបន្ដថា «មែនទែនទៅដំបូងឡើយ ការប្រកួតវគ្គជម្រុះនេះត្រូវធ្វើឡើងលើទឹកដីរបស់ក្លិបកីឡាបាល់ទាត់វិសាខាយើង តែដោយសារការរាតត្បាតខ្លាំង នៃជំងឺដ៏កាចសាហាវនេះ យើងក៏ស្នើទៅ AFC ដើម្បីស្វែងរកទឹកដីកណ្ដាលរៀបចំការប្រកួតជាមួយក្លិប Lalenok United ជំនួសវិញ»

លោកបន្ថែមថា «ប៉ុន្ដែដោយសារការរីករាលដាលជាសកលទាំងលើពិភពលោក ក្នុងតំបន់ និងកម្ពុជាផង បានធ្វើឲ្យ AFC ពិបាកក្នុងការស្វែងរកប្រទេស ដើម្បីរៀបចំការប្រកួតជម្រុះនេះ។ ដូច្នេះវាគឺជាហេតុផលសំខាន់មួយដែល AFC សម្រេចពន្យារពេលការប្រកួតរបស់ពួកយើងរហូតដល់ថ្ងៃទី២០ ខែមិថុនា ហើយពួកយើង ក៏គ្មានអ្វីក្រៅពីការសហការ និងគោរពការសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកនេះដែរ»។

សូមបញ្ជាក់ថា ដំបូងឡើយវិសាខា ត្រូវប្រកួតជម្រុះ ២ដំណាក់កាល ទី១-ការប្រកួតវគ្គជម្រុះបឋមជាមួយក្លិប Lalenok United និងទី២-ក្រុមឈ្នះ ត្រូវលេងវគ្គ Play-Off ជាមួយក្លិប Persipura Jayapura FC តែដោយក្រុមមីយ៉ាន់ម៉ា ២ក្រុមបានដកខ្លួន (ក្លិប Shan United និងក្លិប Hantharwady United) AFC ក៏សម្រេចបញ្ចូលក្លិប Persipura Jayapura FC ទៅក្នុងពូល H ជំនួសក្លិប Shan United តែម្ដងជាមួយបេក្ខភាព ៣ក្រុមទៀត រួមមានក្លិប Kedah (ម៉ាឡេស៊ី), Lion City Sailors FC (សិង្ហបុរី) និងក្លិប Saigon FC (វៀតណាម)។

ករណីនេះបានធ្វើឲ្យវិសាខា នៅសល់ការប្រកួតជម្រុះតែ ១ប្រកួតប៉ុណ្ណោះដោយត្រូវជួបក្រុម Lalenok United នាថ្ងៃទី២០ ខែមិថុនា ដើម្បីប្រជែងកៅអីវគ្គចែកពូល តែមិនមែនពូល H ដែលជាគោលដៅដំបូងរបស់ក្រុមទាំងពីរឡើយ ពោលគឺប្ដូរទៅប្រជែងកៅអីពូល I វិញដែលមានក្លិប Kaya FC-Illoilo (ហ្វីលីពីន), Terengganu FC (ម៉ាឡេស៊ី) និងក្លិប Geylang International (សិង្ហបុរី) ដែលកំពុងឈរចាំស្រាប់៕