(ភ្នំពេញ)៖ ក្រុមហ៊ុន BLOC (ប្លុក) ដែលជាក្រុមហ៊ុនដ៏មានប្រជាប្រិយភាពនូវ ក្នុងការផ្ដល់ជូននូវសេវាកម្ម ដើរផ្សារ តាមអ៊ិនធឺណេត និងសេវាកម្មដឹកជញ្ជូន រួមដៃគ្នាជាមួយនិងដៃគូសហការ មិត្តភក្ដិ និងសប្បុរសជននានា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការបរិច្ចាគនូវគ្រឿងឧបភោគបរិភោគចាំបាច់ និងសម្ភារប្រើប្រាស់សំខាន់ៗប្រចាំថ្ងៃ ជូនទៅដល់ប្រជាពលរដ្ឋចំនួន១៨០គ្រួសារ ដែលមានទីលំនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យើងសង្កេតឃើញថា មានគ្រួសារដែលខ្វះខាតខ្លាំង ជាច្រើន បាននឹងកំពុងរស់នៅក្នុង តំបន់ពណ៌ក្រហម តាំងពីមុនពេលដែលក្រុងភ្នំពេញ ត្រូវបានបិទខ្ទប់ទាំងស្រុង (មិនអាចធ្វើការចេញ ចូល និងប្រកបរបរអ្វីបាន ) កាលពីដើមខែមេសា មកម្ល៉េះ។ ដោយសារតែមើលឃើញ ពីទុក្ខលំបាករបស់ពួកគាត់ ជាពិសេសទៅលើកត្តាចំណីអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃផងនោះ លោក ឃី ទីគា ដែលជានាយកប្រតិបត្តិ នៃក្រុមហ៊ុន BLOC (ប្លុក) បានស្វះស្វែងទំនាក់ទំនង ទៅកាន់ដៃគូសហការ មិត្តភក្ដិ រួមជាមួយនឹងសប្បុរសជននានា ដើម្បីបង្កើតកម្មវិធីមនុស្សធម៌នេះឡើង។

លោក ឃី ទីគា បានថ្លែងថា «ក្រុមហ៊ុន BLOC (ប្លុក) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដ៏ធំមួយ គឺដើម្បីនាំយកភាពរីករាយ ជូនដល់គ្រប់ក្រុមគ្រួសារទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងអំឡុងពេលដ៏លំបាកនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការធ្វើសកម្មភាពមនុស្សធម៌ ដោយមានការចូលរួមពីដៃគូសហការ មិត្តភក្ដិ និងសប្បុរសជននានាបែបនេះ នឹងជួយឲ្យគ្រួសារកម្មករ កម្មការនីទាំងអស់ ទទួលបាននូវអារម្មណ៍រីករាយ និងធូរស្រាល បានមួយគ្រាជាក់ជាមិនខាន។

លោកបន្ដថា «យើងខ្ញុំពិតជាថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅទៅដល់ដៃគូសហការ មិត្តភក្ដិ និងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគ ក្នុងកម្មវិធីសប្បុរសធម៌មួយនេះ ហើយយើងក៏សង្ឃឹមថា នឹងមានដៃគូសហការ សប្បុរសជន ចូលរួមជាមួយគ្នាកាន់តែច្រើន សម្រាប់សកម្មភាពមនុស្សធម៌ លើកក្រោយៗទៀត»។

កញ្ញា ដាវី អាយុ២៦ឆ្នាំ ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ អស់រយៈពេលជាង៤សប្ដាហ៍កន្លងមកនេះ បានលើកឡើងថា «នាងខ្ញុំសូម គោរពថ្លែងអំណរគុណជាខ្លាំង ទៅដល់ក្រុមហ៊ុន BLOC និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់សហគមន៍របស់យើងខ្ញុំ។ តាមរយៈជំនួយ ជាម្ហូបអារហារ និងគ្រឿងឧបភោគបរិភោគទាំងនេះ វាពិតជាអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលទៀត។ ក្រៅពីនេះពួកគាត់ ក៏អាចរក្សាសុវត្ថិភាពខ្លូនឯង និងក្រុមគ្រួសារពីជំងឺកូវីដ ១៩ បានផងដែរ តាមរយៈជំនួយជាសាប៊ូលាងដៃ ម៉ាស់ និងអាកុលលាងដៃពីខាងក្រុមការងារ»

គួរបញ្ជាក់ផងដែរថា ដៃគូសហការអាជីវកម្មរបស់ BLOC ដែលមានដូចជា Nutrilatt, Glambox Beauty, អង្ករស្រែខ្មែរ, ហាងផ្លែឈើស្រីមុំ និង Misty BeE បានធ្វើការបរិច្ចាគនូវគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនដូចជា៖ អង្ករ, ម្សៅទឹកដោះគោរកូនក្មេង,ភេសជ្ជៈ ម៉ាក់ការពារមេរោគ និងឱសថ ស្របពេលដែលដៃគូ សហការ ផ្សេងទៀតដូចជា The First Store, TPMG, Kai-Fun, Genki Sushi, Essence Hotel Pnhom Penh ហើយនិងហាងនំពងទាល្បី LE Castella បានធ្វើការបរិច្ចាគជាថវិកា សម្រាប់ទិញនូវគ្រឿងឧបភោគចាំបាច់ប្រចាំថ្ងៃផ្សេងទៀត ដូចជា សាច់ក្រក ស៊ុត មី ម៉ាស់ការពារមេរោគ សាប៊ូរួមជាមួយនឹងទឹកអាកុល សម្លាប់មេរោគ៕

ទាញយកកម្មវិធីរួចធ្វើការកុម្ម៉ង់ឥឡូវនេះ https://f.bloc.asia/mall