(បាគូ)៖ លោក Keisuke HONDA អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានសម្រេចគ្រាប់ដំបូងឲ្យក្លិបថ្មីរបស់ខ្លួន គឺក្លិប Neftci នៅក្នុងក្របខណ្ឌលីគកំពូលប្រទេសអាស៊ែបៃហ្សង់ (Azerbaijan-Premier League) រដូវកាលឆ្នាំ២០២១ បន្ទាប់ពីកីឡាករវ័យ ៣៤ឆ្នាំរូបនេះ បង្ហាញខ្លួនបាន ៦ប្រកួតរួចមក។

គ្រាប់បាល់ដំបូងរបស់ HONDA បានកើតឡើងក្នុងសប្ដាហ៍ទី២៥ ស្របពេលក្រុម Neftci បានយកឈ្នះក្រុមម្ចាស់ផ្ទះ Kesla ក្នុងលទ្ធផល ៣-០ កាលពីរាត្រីថ្ងៃទី០៣ ខែឧសភា ដោយអ្នកចាត់ការក្រុមគោព្រៃកម្ពុជា ជាអ្នកសម្រេចគ្រាប់ទី២ នៅនាទី៧៤ មុនប្ដូរចេញនៅនាទី៧៦ ខណៈ ២គ្រាប់ទៀត រកបានដោយមិត្តរួមក្រុម Terlan Quliger នៅនាទី៣៨ និង Emin Mahmudov នៅនាទី៩០+២។

តាមរយៈជ័យជម្នះនេះបានធ្វើឲ្យអតីតក្រុមជើងឯក ៨សម័យ Neftci រក្សាកៅអីលេខ២ បណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ២៥ប្រកួត ឈ្នះ១៥ ស្មើ៥ និងចាញ់៥ រកបាន ៥០ពិន្ទុ ស្មើគ្នាជាមួយក្រុមកំពូលតារាង Qarabag តែចាញ់ប្រៀបក្រុមជើងឯក ៨សម័យកាលដូចគ្នានេះត្រង់ Qarabag ចំណេញ ១ប្រកួតក្នុងដៃ ដ្បិតពួកគេទើបប្រកួតបាន ២៤ប្រកួត ដោយឈ្នះ១៤ ស្មើ៨ និងចាញ់២ដង។

គួរដឹងថា អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលបានបន្ដកិច្ចសន្យារហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ បានផ្ទេរទៅចូលរួមជាមួយ Neftci កាលពីខែមីនា ក្រោមកិច្ចសន្យារយៈពេល ៣ខែប៉ុណ្ណោះ ពោលគឺតាមការគ្រោងទុកសុពលភាពកុងត្រារវាងអតីតកីឡាករជម្រើសជាតិជប៉ុន ជាមួយក្រុមខ្លាំងអាស៊ែបៃហ្សង់នេះ នឹងផុតកំណត់នៅដើមខែមិថុនា ឆ្នាំ២០២១ ខាងមុខ៕