(ភ្នំពេញ)៖ គ្រូបង្វឹកជនជាតិចិន លោក Li Jun បានទទួលសេចក្ដីទុកចិត្តជាថ្មីពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីត្រៀមដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ នេះ។

សហព័ន្ធបានប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនថា «លោក Li Jun ជាគ្រូបង្វឹកក្រុមបាល់ទះក្នុងសាលផ្នែកបុរសជម្រើសជាតិកម្ពុជា មានតួនាទីដឹកនាំក្រុមហ្វឹកហាត់ត្រៀមចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ (31st SEA Games) នៅខែវិច្ឆិកាខាងមុខ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម»

ស្របពេលជាមួយការប្រកាសគ្រូបង្វឹកជនជាតិចិន ដើម្បីដឹកនាំក្រុមបាល់ទះក្នុងសាលកម្ពុជាត្រៀមស៊ីហ្គេមនេះ សហព័ន្ធនៅមិនទាន់ប្រកាសសមាសភាពកីឡាករ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់នោះទេ គ្រាដែលបច្ចុប្បន្នក្រសួងអប់រំ នៅមិនទាន់អនុញ្ញាតឲ្យមានការប្រមូលផ្ដុំឡើយ អំឡុងពេលបិទខ្ទប់ និងការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ។

លោក Li Jun គឺជាគ្រូបង្វឹកកម្រិតខ្ពស់ម្នាក់ត្រូវបានសហព័ន្ធចុះកិច្ចសន្យានាំមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា តាំងពីចុងឆ្នាំ២០១៨ ខណៈឆ្នាំ២០១៩ លោកបានដឹកនាំក្រុមបាល់ទះកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ឈ្នះ១ គឺឈ្នះវៀតណាម ៣-២សិត ក្នុងជំនួបបញ្ចប់ពូល B និងចាញ់ ២ប្រកួត គឺចាញ់ហ្វីលីពីន និងឥណ្ឌូនេស៊ី ៣-០សិតដូចគ្នា៕