(អាមេរិក)៖ យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីចុងក្រោយបានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ មានស្មាតហ្វូនប្រមាណ ជា ១.៥ពាន់លានដុល្លារត្រូវបានលក់ ដោយក្នុងនោះមានស្មាតហ្វូនប្រើប្រាស់ 5G ចំនួន ៥៣៨លានគ្រឿង ដែលស្មើនឹងជាង ១ភាគ៣ នៃ ស្មាតហ្វូនសរុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ស្ថាប័នស្រាវជ្រាវ Gartner បានបង្ហាញថា នៅក្នុងឆ្នាំ២០២០ មានស្មាតហ្វូនប្រើប្រាស់ 5G ចំនួន ២១៣លានគ្រឿងត្រូវបានលក់ ដែលស្មើនឹង ១៥ភាគរយស្មាតហ្វូនសរុប ហើយនៅឆ្នាំ២០២១នេះ តួលេខនៃការលក់ស្មាតហ្វូន 5G គឺកើនឡើងជាងទ្វេដងបើធៀប នឹងឆ្នាំ២០២០។

Gartner ក៏បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២១នេះ ការលក់ស្មាតហ្វូន មានការកើនឡើងចន្លោះពី ១.៣ ទៅ ១.៥ពាន់លានគ្រឿង បើធៀបនឹងឆ្នាំ២០២០ គឺកើនឡើងជាង ១១ភាគរយ។ សន្ទុះនៃការលក់ស្មាតហ្វូនកើនឡើងយឺតនេះគឺបណ្ដាលមកពីបញ្ហាជំងឺកូវីដ-១៩ ដែលរាំងស្ទះសេដ្ឋកិច្ច ហើយសម្រាប់ការទិញ ស្មាតហ្វូនថ្មីគឺដោយសារតែពួកគេត្រូវផ្លាស់ប្ដូរស្មាតហ្វូនចាស់ប៉ុណ្ណោះ ចំណែកករណីទិញថ្មីសុទ្ធនោះគឺមានភាគរយតិចប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា iPhone 12 ត្រូវបានគេដឹងថា ជាស្មាតហ្វូន 5G ដែលលក់បានច្រើនជាងគេនៅក្នុងឆ្នាំ២០២០ ហើយនៅក្នុង ឆ្នាំ ២០២១នេះ ក៏នៅតែនាំមុខគេដដែល បើទោះបីជាមានស្មាតហ្វូន 5G ថ្មីៗជាច្រើនចេញលក់នៅលើទីផ្សារក្ដី៕