(អេស្ប៉ាញ)៖ លីគ La Liga របស់អេស្ប៉ាញ កំពុងធ្វើការស៊ើបអង្កេតមួយចង់ដឹងថា តើពិធីជប់លៀងមួយ ដែលរៀបចំឡើងដោយកីឡាករក្លិប Barcelona គឺកីឡាករ Lionel Messi តើមានការបំពាននឹងវិធានការទប់ស្កាត់ជំងឺ COVID-19 ឬក៏អត់ ? នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ។

«យើងកំពុងពិនិត្យលើវា», នេះបើតាមលីគ La Liga បានប្រាប់សារព័ត៌មាន AFP នាថ្ងៃអង្គារនេះ។

ការជួបជុំញុំាអាហារមួយនៅថ្ងៃចន្ទ ដែលមានកីឡាករច្រើន ហើយកីឡាករមួយចំនួន បាននាំដៃគូរបស់ពួកគេទៅជាមួយដែរនោះ។ ពិធីនេះធ្វើឡើងនៅផ្ទះរបស់តារាបាល់ទាត់ ជនជាតិអាហ្សង់ទីន Messi។ ប្រភពបានលើកឡើងថា ពិធីជប់លៀងនេះ «អាចបង្កើតឲ្យមានការបំពានវិធានទប់ស្កាត់ COVID-19»។

អនុប្រធានរដ្ឋាភិបាលតំបន់ Catalan លោក Pere Aragones បានលើកឡើងនៅថ្ងៃអង្គារនេះថា «ទីភ្នាក់ងារសុខាភិបាលសាធារណៈ នឹងសិក្សាលើករណីនេះ ហើយនឹងសម្រេចថា តើត្រូវចាត់វិធានការអ្វីបន្ទាប់»។ លោកបន្ថែមថា «យើងអំពាវនាវឲ្យអ្នកគ្រប់គ្នា គោរពតាមវិធានការរក្សាគម្លាតសង្គម ហើយជម្រុញឲ្យកីឡាករទាំងនោះ យកចិត្តទុកដាក់បន្ថែមទៀត ព្រោះពួកគេធ្វើជាគំរូដល់អ្នកដទៃ»