(ក្រុងឡុងដ៍)៖ ប្រធានក្រុម Sergio Ramos នឹងអាចលេងបានវិញហើយពេល Real Madrid ប៉ះម្ចាស់ផ្ទះ Chelsea រាត្រីនេះ បញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League។

ខ្សែការពារសំខាន់ខាងលើនេះបានអវត្តមានកាលពីជើងទី១ ពេល Real បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅទឹកដីអេស្ប៉ាញ ដោយសារបញ្ហារបួសក្រលៀន និងខកខានប្រកួតក្នុងលីគ La Liga ពេល Real Madrid បំបាក់ Osasuna ២-០ ផងដែរនៅកីឡដ្ឋាន Alfredo di Stefano។

អ្នកចាត់ការទូទៅក្រុម Real លោក Zinedine Zidane បានថ្លែងក្នុងសន្និសីទមុនការប្រកួតថា «យើងមានអ្នកដឹកនាំ និងប្រធានក្រុមត្រឡប់មកវិញហើយដោយគ្មានហានិភ័យឡើយ។ Sergio គឺនៅជាមួយពួកយើង ដែលមានន័យថា គាត់នឹងលេងបាន ១០០%នៅរាត្រីនេះ»

ក្រុមជើងឯក La Liga មកពីអេស្ប៉ាញខាងលើនេះបានកំពុងសំលឹងឃើញការឈ្នះពានអឺរ៉ុប UEFA Champions League ជាលើកទី១៤ របស់ពួកគេ នៅក្រោយពេលខកខានគិតចាប់តាំងពីឆ្នាំ២០១៨ មក ដ្បិតគូប្រជែងតោខៀវ Chelsea របស់អង់គ្លេសទើបតែឈ្នះពានធំនេះលើកដំបូងកាលឆ្នាំ២០១២ មិនដែលរងជើងឯកឡើយ៕