(មេនឆេស្ទើ)៖ នៅទីបំផុតក្រុមបាល់ទាត់ Manchester City របស់អង់គ្លេសស្គាល់រសជាតិវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ហើយ បន្ទាប់ពីទម្លាក់គូប្រជែង Paris Saint-Germain របស់បារាំងទាំង ២ជើងនៃវគ្គ ៤ក្រុមចុងក្រោយរួចមកក្នុងលទ្ធផល ៤-១។

City បានបន្ថែមជ័យជម្នះ ២-០ នៃជើងទី២ ក្នុងទឹកដីរបស់ខ្លួនទៀតនៅកីឡដ្ឋាន Etihad ក្រោយពេលយកឈ្នះ ២-១ ម្តងមកហើយកាលពីជើងទី១ នាកីឡដ្ឋាន Pard des Princes។

កីឡាករខ្សែបម្រើអាល់ហ្សេរី Ryad Mahrez ជាអ្នករកបានទាំង ២គ្រាប់ក្នុងជ័យជម្នះដ៏កក់ក្តៅនៃជើងទី២ នេះ ដ្បិតកីឡាករដែលទិញពីក្លិបរួម Premier League, Leicester City ក៏រកបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ២-១ នៅទឹកដីបារាំងពីការទាត់បាល់ free-kick ចូលទីយ៉ាងស្អាត។

តាមរយៈលទ្ធផលនេះ បានបន្តផ្តល់ការខកចិត្តដល់អ្នកចាត់ការទូទៅ Mauricio Pochettino របស់ក្លិប Paris ដ្បិតរូបលោកធ្លាប់ដឹកនាំ Tottenham Hotspur ប្រកួតចាញ់ Liverpool ២-០ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ម្តងរួមមកហើយកាលឆ្នាំ២០១៩ តែវាបានក្លាយជាលើកដំបូងសម្រាប់លោក Pep Guardiola ដែលបាននាំ City ឡើងដល់វគ្គ Final ក្រោយដឹកនាំក្លិបប្រចាំទីក្រុង Manchester អស់រយៈពេល ៥ឆ្នាំមកនេះ។

Manchester City ត្រូវរង់ចាំគូប្រជែងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន UEFA Champions League ឆ្នាំ២០២១ រវាងក្រុមតោខៀវ Chelsea ឬអធិរាជស Real Madrid ដែលត្រូវប្រកួតបញ្ចប់ជើងទី២ រាត្រីនេះនៅទឹកដី Sfamford Bridge ដ្បិតជើងទី១ នៅទឹកដីអេស្ប៉ាញ ក្រុមទាំងពីរលេងស្មើគ្នា ១-១។ វគ្គផ្តាច់ព្រ័ត្រ UCL នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ នៅក្នុងកីឡដ្ឋានស្ថិតក្នុងទីក្រុង Istanbul ប្រទេសតួកគី៕