(អាមេរិក)៖ ក្រុមហ៊ុន Facebook បានដាក់ដំណើរការសេវាកម្មផ្ទេរប្រាក់នៅក្នុងកម្មវិធី WhatsApp ឡើងវិញនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីសេវាកម្មនេះត្រូវបានប្លក់ដោយធនាគារកណ្ដាលប្រេស៊ីលអស់រយៈពេលជាង១ឆ្នាំង។ នេះចេញផ្សាយរបស់សារព័ត៌មាន Reuters ដល់ថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១។

សេវាកម្មផ្ទេរប្រាក់នៅក្នុងកម្មវិធី WhatsApp ត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងនៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែក្រោយមកក៏បានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសទី២ ហើយក្រោយពីដាក់ឲ្យប្រើប្រាស់នៅប្រទេសឥណ្ឌាបានមួយរយៈ ធនាគារកណ្ដាលប្រេស៊ីលក៏បានសម្រេចចិត្តបិទសេវាកម្មនេះ ដើម្បីឲ្យ Facebook ដែលជាក្រុមហ៊ុនមេ និងលោក Mark Zuckerberg ចូលខ្លួនមកបំភ្លឺពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ។

សេវាកម្មផ្ទេរប្រាក់នេះត្រូវបានអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសប្រេស៊ីលបានសាកល្បង និងប្រើកាលពីដាក់ដំណើរការជាលើកដំបូង ហើយ WhatsApp ក៏បានកំណត់ឱ្យធ្វើការផ្ទេរប្រាក់បានយ៉ាងច្រើនបំផុតត្រឹមតែ ២០ ដងក្នុងមួយថ្ងៃ និងបានកំណត់ចំនួនប្រាក់ដែលត្រូវផ្ញើផងដែរ។

បញ្ជាក់ផងដែរថាចំនួនអ្នកប្រើប្រាស់កម្មវិធី WhatsApp នៅក្នុងប្រទេសប្រេស៊ីលបច្ចុប្បន្នមានរហូតដល់ ១២០លាននាក់ ខណៈចំនួនអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាមានរហូតដល់ ៤០០លាននាក់៕