(ភ្នំពេញ)៖ ទោះបីជាស្ថិតនៅក្នុងពេលវេលាដ៏សែនលំបាក នៃការីករាលដាលជំងឺកូវី១៩ ក៏ធនាគារ ហត្ថា ទទួលបានជោគជ័យធំៗ២ គឺទទួលបាននូវទំនុកចិត្តខ្ពស់ ពីភាគទុននិកជាមួយ ការចាក់បញ្ចូលនូវដើមទុន ចុះបញ្ជីបន្ថែមរហូតដល់២៥លានដុល្លារអាមេរិក និងទទួលបានចំណាត់ថ្នាក់ BBB+/Stable រយៈពេល០៣ឆ្នាំជាប់ៗគ្នា (ដែលការវាយតម្លៃតែលើធនាគារ ហត្ថា ទទួលបានចំណាត់ថ្នាក់ A-) ពី TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃ។

ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការធំជាងគេលំដាប់ទីពីរ ក្នុងប្រទេសកម្ពុជា ទទួលបានទំនុកចិត្តខ្ពស់ ពីម្ចាស់ភាគទុនិក ដែលជាធនាគារក្រុងស្រ៊ី មានមូលដ្ឋាននៅប្រទេសថៃ បានបង្កើនដើមទុនចុះបញ្ជីបន្ថែមចំនួន ២៥លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឲ្យដើមទុនចុះបញ្ជី សរុបរបស់ធនាគារ ហត្ថា បានកើនឡើងរហូតដល់១៤០លានដុល្លារអាមេរិក។

តាមរយៈដើមទុនថ្មីនេះ អាចផ្តល់លទ្ធភាពដល់ធនាគារ ហត្ថា ធ្វើការពង្រីកប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរឹងមាំ ទូលំទូលាយ និងបង្កើននូវសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់នូវសេវាកម្មធនាគារ បង្កើតផលិតផល និងសេវាកម្មថ្មីៗប្រកបដោយទំនុកចិត្តខ្ពស់បំពេញទៅតាមតម្រូវការ អតិថិជន ដើម្បីធានាបានថារាល់អតិថិជន របស់ខ្លួនទាំងអស់ នឹងទទួលបាននូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខោ្ចះ ដែលអាចជួយដល់ការរស់នៅ និងរួមចំណែកលើកស្ទួយជីវភាពរបស់អតិថិជន ឲ្យកាន់តែប្រសើរឡើង។

ស្របពេលជាមួយគ្នានេះដែរ ធនាគារ ហត្ថា ក៏ទទួលបាននូវចំណាត់ថ្នាក់កម្រិត BBB+ រយៈពេល៣ឆ្នាំជាប់ៗគ្នាពី TRIS Rating ដែលជាស្ថាប័នអន្តរជាតិ មានមូលដ្ឋាននៅប្រទេសថៃឡង់ ដែលបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ធនាគារ ហត្ថា។

គូសបញ្ជាក់ផងដែរថា ការទទួលបាននូវចំណាត់ថ្នាក់កម្រិត BBB+នេះ គឺ ដោយយោងលើការវាយតម្លៃលម្អិតលើសូចនាករសំខាន់ៗរួមមាន៖ ប្រសិទ្ធភាពនៃ បណ្ដាញប្រតិបត្តិការទូទាំងប្រទេស កិច្ចគាំពារ អតិថិជន ប្រព័ន្ធ គ្រប់គ្រងហានិភ័យដ៏ល្អ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ការរក្សាបាននៅជំហរធុរកិច្ចរឹងមាំនៅក្នុងទីផ្សារ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ៕