(ភ្នំពេញ)៖ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩នេះ ភ្នាក់ងារវីងទូទាំងប្រទេស បានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួនម្តងទៀតហើយ ដើម្បីជួយសហគមន៍។

ខណៈពេលដែលជំងឺរាតត្បាត នៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេស បានរួបរួមគ្នាម្តងទៀត ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋាន ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

អ្នកស្រី តាន់ សៀកលៀង មានអាយុ ៣០ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ បានរៀបចំអង្ករ ៣០០ គីឡូក្រាម ព្រមទាំងត្រីខកំប៉ុង និងទឹកត្រី នៅពីមុខហាងវីង របស់គាត់ដើម្បីចែកជូនដល់សហគមន៍ ដែលភាគច្រើន ជាកម្មករសំណង់ និងអ្នករើសអេតចាយ។

អ្នកស្រី សៀកលាង បានឲ្យដឹងថា «ការចូលរួមរបស់ខ្ញុំ គឺមិនច្រើនទេ ប៉ុន្តែវានឹងជួយកាត់បន្ថយបន្ទុក ដល់គ្រួសាររបស់ពួកគេបានខ្លះៗ។ ម្តាយខ្ញុំ និងខ្ញុំបានរស់នៅទីនេះជិត ៣០ ឆ្នាំហើយ។ យើងចង់ជួយអ្នកជិតខាងរបស់យើង»

នៅភាគឦសាននៃប្រទេសកម្ពុជាឯណោះវិញ លោកស្រី មូ ស៊ីវតាន មានអាយុ ៣៨ ឆ្នាំ ជាម្ចាស់ហាងវីង យីហោ ថៃ ឆាង ក្នុងខេត្តរតនគិរី បានចែកអាហារដល់អ្នកខ្វះខាត និងអ្នកធ្វើការងារនៅមណ្ឌលចាក់វ៉ាក់សាំងកូវីដ ១៩។

លោកស្រី ស៊ីវតាន បានថ្លែងថា «នេះជាស្មារតី នៃការចែករំលែកដល់សហគមន៍។ ឥឡូវនេះ ខ្ញុំកំពុងបបួលបងប្អូន ឲ្យចូលរួមកិច្ចការសប្បុរសនេះបន្ថែមទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក បានថ្លែងថា «សាមគ្គីភាពមានសារសំខាន់ ក្នុងការជំនះនូវការលំបាកដែលកើតឡើង នៅក្នុងស្ថានភាព វិបត្តិបែបនេះ។ យើងមានមោទនភាពណាស់ ដែលភ្នាក់ងាររបស់យើងជាច្រើន បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ បែបនេះម្តងទៀត។ សកម្មភាពសប្បុរសធម៌ របស់ពួកគេ នឹងជំរុញអ្នកជិតខាងរបស់ពួកគេ ឲ្យចូលរួមផងដែរ»

លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជន នៃធនាគារ វីង បានសង្កេតឃើញនូវការចូលរួមវិភាគទានសប្បុរសធម៌ ពីភ្នាក់ងារវីងជាច្រើន នៅទូទាំងប្រទេសនៅពេលពួកគេចែកចាយសកម្មភាពទាំងនោះ តាមអ៊ីនធើណែត។

លោក ឈាងស្រេង បានថ្លែងថា «យើងបានឃើញមានភ្នាក់ងារនៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង មណ្ឌលគីរី និងខេត្តដទៃទៀត បានជួយគាំទ្រសហគមន៍ របស់ពួកគេ។ យើងបានស្នើពួកគេឲ្យគោរពតាមវិធានការ សុវត្ថិភាពដោយពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពសង្គម និងឈរតាមស្លាកសញ្ញាសុវត្ថិភាព នៅពេលពួកគេធ្វើកិច្ចការសប្បុរសធម៌»

ក្នុងគ្រាដ៏លំបាកនេះ វីងក៏មិនយកថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ពីវីងទៅវីង ដោយប្រើកម្មវិធីស្មាតហ្វូនវីង ហើយអនុញ្ញាតឲ្យផ្ទេរប្រាក់បានរហូតដល់ ២០,០០០ដុល្លារ ក្នុង១ថ្ងៃ។ នេះនឹងផ្តល់ភាពងាយស្រួល ដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការផ្ញើប្រាក់ទៅគ្រួសាររបស់ពួកគេហើយ នឹងកាត់បន្ថយការធ្វើដំណើរក្នុងពេលមានជំងឺកូវីដ ១៩ នេះ។

ចំណែក វីងម៉ល ក៏កំពុងផ្តល់សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃ ដល់អាជីវករដែលកំពុងជួបការលំបាក និងអ្នកដែលត្រូវការទិញអាហារ គ្រឿងទេស និងទំនិញចាំបាច់ តាមរយៈកម្មវិធីស្មាតហ្វូនវីង។

ប្រជាជន ក៏អាចប្រើកម្មវិធីស្មាតហ្វូនវីង ដើម្បីទូទាត់ការចំណាយផ្សេងៗ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ សម្រាប់សេវាកម្មសំខាន់ៗដូចជា៖ ការទូទាត់ថ្លៃទឹកភ្លើង បញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់ជាមួយសេវាកម្មដឹកជញ្ជូន និងអាជីវកម្មផ្សេងៗ៕