(ពិភពលោក)៖ បើគិតមកដល់ពេលបច្ចុប្បន្ន វ៉ាក់សាំង (Vaccine) គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ការពារមនុស្សជាតិពីជំងឺដ៏កាចសាហាវនានា តួយ៉ាងដូចជាវ៉ាក់សាំងជំងឺកូវីដ-១៩ នេះជាដើម ប៉ុន្តែតើអ្នកមានដឹងទេថា តើវ៉ាក់សាំងមានប្រវត្តិបង្កើតឡើងដំបូងយ៉ាងដូចម្ដេច? តើអ្នកណាជាអ្នករកឃើញវិធីចាក់វ៉ាក់សាំងដំបូងគេបង្អស់ ហើយតើវ៉ាក់សាំងបង្ការជំងឺអ្វីដែលត្រូវបានបង្កើតឡើងមុនគេនោះ?

ដើម្បីឆ្លើយតបនឹងសំណួរមួយចំនួននេះ Fresh News Plush សូមបង្ហាញនូវអត្ថបទចំណេះដឹងទូទៅមួយ ដែលមានខ្លឹមសារដូចតទៅ៖

លោកអ្នកប្រហែលជាបានឮមកហើយអំពី «ជំងឺអុតធំ» ដែលហៅតាមភាសាបច្ចេកទេសថា Smallpox Variola ដោយជំងឺដ៏កាចសាហាវនេះបានសម្លាប់ជីវិតមនុស្សយ៉ាងរង្គាលស្ទើរតែទូទាំងពិភពលោក ក្នុងនោះព្រះមហាក្សត្រប្រាំអង្គនៅប្រទេសលោកខាងលិច ក៏ត្រូវសោយទិវង្គតដោយជំងឺនេះផងដែរ។

* ដើមកំណើតនៃជំងឺអុតធំ

គ្មាននរណាដឹងអំពីដើមកំណើតនៃជំងឺអុតធំនេះនោះឡើយ គ្រាន់តែគេបានកត់សម្គាល់ឃើញថា អ្នកជំងឺមានរោគសញ្ញាដំបូងជាកន្ទោលក្រហមតូចៗលើស្បែក រហូតដល់ថ្ងៃទី៧ រោគសញ្ញាលើស្បែកទាំងនោះក៏វិវត្តទៅជាពងទឹកថ្លាៗ លុះដល់ថ្ងៃទី២១ ទើបពងទឹកនោះក្លាយទៅជាដំបៅដុំៗនៅលើស្បែកអ្នកជំងឺ មើលទៅគួរឱ្យខ្លាចញញើត។

មានការអះអាងថា រោគសញ្ញាស្នាមកន្ទួលរបស់ជំងឺអុតធំនេះ មានលក្ខណៈស្រដៀងទៅនឹងស្នាមកន្ទោលនៅលើស្បែកក្រៀមៗរបស់សាកសពម៉ាំមី (Mummy) នៅប្រទេសអេហ្ស៉ីប ដែលនាំឲ្យគេសន្មតថា ជំងឺអុតធំនេះបានកើតមានតាំងពី ៣០០០ ឆ្នាំមុនមកម្ល៉េះ។

កាលពីអំលុងសតវត្សទី៤ នៃគ្រិស្តសករាជ នៅប្រទេសចិនសម័យបុរាណក៏ធ្លាប់កើតមានជំងឺមួយស្រដៀងនឹងជំងឺអុតធំនេះដែរ ។ លុះដល់អំលុងសតវត្សទី៧ ជំងឺនេះក៏បានលេចឡើងនៅប្រទេសឥណ្ឌា ក៏ដូចជានៅតំបន់មជ្ឈិមបូព៌ា និងភាគខាងលិចបំផុតនៃទ្វីបអាស៉ី (Asia Minor or Anatolia) នាសតវត្សទី១០ ទៀតផងដែរ។

* កាលរាលដាលជំងឺអុតធំ

ប្រវត្តិវិទូដែលតាមដានការរីករាលដាលជំងឺអុតធំបានអះអាងថា ជំងឺនេះមានការរីករាលដាលដោយសារការរីកចម្រើននៃអារ្យធម៌ និងការរុករកដែនដីថ្មីរបស់ពួកអាណានិគមអឺរ៉ុប។ ម្យ៉ាងទៀត ការពង្រីកនៃការធ្វើពាណិជ្ជកម្មជាច្រើនសតវត្សរ៍មកនោះ ក៏បណ្តាលឲ្យជំងឺអុតធំនេះបន្តរីករាលដាលផងដែរ។

គេអាចសង្ខេបព្រឹត្តិការណ៍នៃការរីករាលដាលជំងឺអុតធំបានដូចខាងក្រោម៖

+ នៅសតវត្សទី៦ តាមរយៈកំណើនពាណិជ្ជកម្មរវាងចិន និងកូរ៉េ ការរីករាលដាលនៃជំងឺអុតធំក៏បានសាយភាយទៅដល់ប្រទេសជប៉ុន។

+ នៅសតវត្សទី៧ តាមរយៈការពង្រីកឥទ្ធិពលអារ៉ាប់ បានធ្វើឲ្យជំងឺអុតធំរីករាលដាលទៅកាន់អាហ្វ្រិកខាងជើង អេស្ប៉ាញ និងព័រទុយហ្កាល់។

+ នៅសតវត្សទី១១ ដោយសារតែមានជម្លោះសាសនារវាងអ្នកកាន់គ្រិស្តសាសនា និងឥស្លាមសាសនា ក៏បានធ្វើឲ្យជំងឺអុតធំនេះរីករាលដាលទៅដល់ទ្វីបអឺរ៉ុបទៀតផងដែរ។

+ នៅសតវត្សទី១៥ នៅពេលដែលព័រទុយហ្កាល់ចូលកាន់កាប់អាហ្វ្រិកភាគខាងលិច ពួកអាណានិគមក៏បាននាំជំងឺអុតធំនោះដល់តំបន់នេះទៀតដែរ។

+ នៅសតវត្សទី១៦ ពួកអាណានិគមអឺរ៉ុបបាននាំចូលជំងឺអុតធំទៅកាន់តំបន់ការីបង់ (Caribbean) អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។

+ នៅសតវត្សទី១៧ ពួកអាណានិគមអឺរ៉ុប នាំជំងឺអុតធំទៅដល់អាមេរិកខាងជើង។

+ នៅសតវត្សទី១៨ ក្រុមអ្នករុករកដែនដីដែលចេញពីចក្រភពអង់គ្លេស បាននាំជំងឺអុតធំទៅដល់ប្រទេសអូស្ត្រាលី និងអាស៉ីអាគ្នេយ៍ដែនកោះថែមទៀត។

* ការផលិតវ៉ាក់សាំងដំបូងគេមួយ ដែលពិភពលោកមិនធ្លាប់បានស្គាល់ពីមុន

នាអំលុងសតវត្សទី១៧ ក្នុងពេលដែលជំងឺអុតធំកំពុងរាតត្បាតនៅពាសពេញទ្វីបអឺរ៉ុបនោះ អ្នកវិទ្យាសាស្ត្របានសាកល្បងព្យាបាលអ្នកកើតជំងឺនេះ តាមរយៈវិធីសាស្ត្រធ្វើឱ្យស្បែករបស់ជនរងគ្រោះរបួស រួចយកក្រម៉ដំបៅរបស់អ្នកជំងឺដែលស្ថិតក្នុងអាការស្រាលៗ មកត្រដុសជាមួយស្នាមរបួសនោះ។ ជាលទ្ធផល វិធីនេះមិនសូវជាមានប្រសិទ្ធភាពខ្ពស់ប៉ុន្មានឡើយ ខណៈមនុស្សរាប់លាននាក់នៅតែបន្តស្លាប់ដោយសារជំងឺអុតធំនេះដដែល ដោយជាមធ្យម មនុស្សបីនាក់ក្នុងចំណោមដប់នាក់ដែលឆ្លងជំងឺនេះ ត្រូវស្លាប់យ៉ាងវេទនា។ សម្រាប់អ្នកដែលបានរស់ក្រោយឆ្លងជំងឺនេះ ភាគច្រើនបន្សល់ទុកនូវស្លាកស្នាមនៅលើស្បែកគួរឲ្យកោតញញើត។

លុះដល់គ្រិស្ដសករាជ ១៧៧៣ ក៏មានគ្រូពេទ្យជនជាតិអង់គ្លេសម្នាក់បានចាប់ផ្ដើមរកដំណោះស្រាយទប់ស្កាត់ជំងឺអុតធំ ខណៈនៅជំនាន់នោះ ពិភពលោកមិនទាន់មានវ៉ាក់ស៉ាំងបង្ការជំងឺអ្វីមួយនៅឡើយទេ។ គ្រូពេទ្យរូបនោះមានឈ្មោះថា អេដវើដ ជេនណឺរ (Edward Jenner)។ នៅពេលលោក អេដវើដ ទទួលព្យាបាលជំងឺរបស់ប្រជាជនកាន់តែច្រើននោះ លោកបានសង្កេតឃើញថា អ្នកដែលអាចរួចផុតជីវិតពីសេចក្ដីស្លាប់ដោយសារជំងឺអុតធំនេះ ភាគច្រើនគឺស្រ្តីអ្នកយកទឹកដោះគោនៅកសិដ្ឋានចិញ្ចឹម។ ស្ត្រីទាំងនោះសុទ្ធតែធ្លាប់ឆ្លងជំងឺអុតក្នុងទម្រង់ស្រាលៗម្តងរួចមកហើយ ដោយគេហៅវាថា ជំងឺអុតគោ (Cowpox)។ ប្រការនេះបញ្ជាក់ឱ្យ ជេនណឺរ យល់ថា ប្រសិនបើជំងឺអុតគោអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ដូច្នេះទម្រង់ស្រាលនេះ នឹងអាចឱ្យមនុស្សជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺអុតធំបាន។ ដោយរកឃើញសមត្ថកម្មបែបនេះហើយ លោក ជេនណឺរ បានសម្រេចចិត្តសាកល្បងនូវអ្វីដែលលោកបានគិត។

ដំបូងឡើយ លោកត្រូវការអ្នកស្ម័គ្រចិត្តមួយចំនួនដើម្បីធ្វើពិសោធន៍ ខណៈពេលនោះគាត់ជ្រើសយកអ្នកជំងឺម្នាក់ឈ្មោះ សារ៉ា នែលម៉េស (Sarah Nelmes) ដែលគាត់បានឆ្លងជំងឺអុតគោក្នុងពេលគាត់យកទឹកដោះគោក្នុងកសិដ្ឋាន។ នៅថ្ងៃទី១៤ ខែឧសភា គ្រិស្ដសករាជ ១៧៩៦ លោក ជេនណឺរ បានប្រមូលយកទឹករងៃពីពងបែករបស់ស្ត្រីនោះ ហើយចម្លងវាទៅលើស្បែករបស់ក្មេងប្រុសម្នាក់ទៀត ឈ្មោះ ជែម ហ្វីប (James Phipps)។ លុះដល់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំដដែល ទើបក្មេងប្រុស ជែម ហ្វីប នោះ ឆ្លងជំងឺអុតគោបានសម្រេច។ ការធ្វើបែបនេះ គឺពិតជាប្រថុយប្រថានខ្លាំងណាស់ ប៉ុន្តែ ជែនណឺរ បានថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិរួចជាស្រេច ហើយលោកជឿជាក់ថា លទ្ធផល ប្រាកដជាធ្វើឱ្យក្មេងប្រុសនោះមានភាពស៉ាំនឹងជំងឺ។ ស្របពេលដែលកុមារ ជែម ហ្វីប កំពុងឆ្លងជំងឺអុតគោនោះ លោកគ្រូពេទ្យ ជែនណឺរ ក៏បានផលិតវ៉ាក់សាំងមួយឡើង និងសាកល្បងចាក់វ៉ាក់សាំងនោះទៅក្នុងខ្លួនរបស់ ជែម ហ្វីប។ ទីបំផុត ក្មេងប្រុសម្នាក់នេះក៏បានរួចផុតពីគ្រោះថ្នាក់ ដោយវ៉ាក់សាំងដែលចាក់ទៅក្នុងខ្លួនគេនោះ ពិតជាមានប្រសិទ្ធភាពប្រាកដមែន។ រឿងនេះក៏បានក្លាយទៅជារឿងដំណាលថា ក្មេងប្រុស ជែម ហ្វីប ជាមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងដំបូងគេបង្អស់នៅលើពិភពលោក។

នៅគ្រិស្ដសករាជ ១៧៩៨ លោក ជេនណឺរ បានសរសេរកូនសៀវភៅមួយណែនាំអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងនេះ តែទោះជាយ៉ាងណា រដ្ឋាភិបាលចក្រភពអង់គ្លេសមិនទាន់មានការជឿជាក់លើវ៉ាក់សាំងរបស់លោកនៅឡើយទេ ដូច្នេះហើយលោកបានចំណាយពេលដល់ទៅ ៤០ ឆ្នាំ ទើបអាចពន្យល់រដ្ឋាភិបាលចក្រភពអង់គ្លេស និងអ្នកនយោបាយនានា ឱ្យយល់អំពីសារប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះបានសម្រេច។ រហូតដល់គ្រិស្ដសករាជ ១៨៤០ លោកក៏បានធ្វើឱ្យអ្នកនយោបាយទាំងនោះយល់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងជំងឺអុតធំ។ ពីរឆ្នាំក្រោយមក ការចម្លងជំងឺអុតធំនៅចក្រភពអង់គ្លេសក៏ត្រូវបានកម្ចាត់ ហើយក៏បានក្លាយជាកម្មវិធីមួយដ៏ចាំបាច់នៅទូទាំងពិភពលោក។ វ៉ាក់សាំងបង្ការជំងឺអុតធំរបស់លោកគ្រូពេទ្យ អេដវើដ ជេនណឺរ បានបន្ថយអត្រាមរណៈដល់ទៅជិតស្មើមួយភាគបួននៃប្រជាជនលើពិភពលោកឯណោះ។

សូមជម្រាបថា ពាក្យ វ៉ាក់សាំង Vaccination នេះ មានប្រភពមកពីភាសាឡាតាំងថា វ៉ាក់កា (Vacca) ដែលមានន័យថា សត្វគោ។

* តើពិភពលោករួចផុតពីជំងឺអុតធំនៅឆ្នាំណា?

នៅគ្រិស្ដសករាជ ១៩៥៩ អង្គការសុខភាពពិភពលោក (WHO) បានចាប់ផ្តើមគម្រោងលុបបំបាត់ជំងឺអុតធំ តែគួរឲ្យស្តាយ យុទ្ធនាការលុបបំបាត់ជំងឺអុតធំជាសកលមិនអាចធ្វើទៅបាន ដោយសារតែកង្វះខាតមូលនិធិ អ្នកស្ម័គ្រចិត្ត និងការតាំងចិត្តចូលរួមពីបណ្តាប្រទេសនានា ក៏ដូចជាកង្ខះខាតនៃការឧបត្ថម្ភវ៉ាក់សាំងផងដែរ។ ថ្វីបើមានការប្រឹងប្រែងរបស់ពួកគេក៏ដោយ ក៏ជំងឺអុតធំនៅតែបន្តរាលដាលរហូតដល់គ្រិស្ដសករាជ ១៩៦៦ ដោយវាបានបន្តរាលដាលនៅទូទាំងអាមេរិកខាងត្បូង អាហ្វ្រិក និងអាស៉ី។

កម្មវិធីលុបបំបាត់ដ៏ធំនៃជំងឺអុតធំបានចាប់ផ្តើមនៅគ្រិស្ដសករាជ ១៩៦៧ ជាមួយនឹងការតាំងចិត្តជាថ្មី។ ទីពិសោធន៍នៅក្នុងប្រទេសជាច្រើនដែលជំងឺអុតធំកើតមាននោះ បានផលិតវ៉ាក់សាំងដែលមានគុណភាពខ្ពស់ និងអាចរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់បាន។ មានប្រការជាច្រើនទៀតដែលរួមចំណែកធ្វើឲ្យកម្មវិធីនេះជោគជ័យ ក្នុងនោះរួមមាន ក្រុមផលិតម្ជុលវ៉ាក់សាំង ការបង្កើតប្រព័ន្ធពិនិត្យថែទាំអ្នកជំងឺ និងយុទ្ធនាការចាក់វ៉ាក់សាំងខ្នាតធំ។

នៅមុនកម្មវិធីលុបបំបាត់ជំងឺអុតធំចាប់ផ្តើមនៅគ្រិស្ដសករាជ ១៩៦៧ នោះ ជំងឺអុតធំត្រូវបានលុបបំបាត់រួចហើយនៅក្នុងទីតាំងមួយចំនួន ដូចជានៅទ្វីបអាមេរិកខាងជើង (១៩៥២) និងទ្វីបអឺរ៉ុប (១៩៥៣)។ ករណីឆ្លងនៅតែមានក្នុងទ្វីបអាមេរិកខាងត្បូង អាស៉ី និងអាហ្វ្រិក។ កម្មវិធីនេះ បង្កើតឲ្យមានការលុបបំបាត់ទាំងស្រុងនៃជំងឺអុតធំចេញពីពិភពលោក ដោយនៅមុនឆ្នាំគ្រិស្ដសករាជ ១៩៧១ ជំងឺនេះត្រូវបានលុបបំបាត់ចេញពីអាមេរិកខាងត្បូង ក្រោយមកនៅទ្វីបអាស៉ីលុបបំបាត់បាននៅគ្រិស្ដសករាជ ១៩៧៥ និងចុងបញ្ចប់នៅទ្វីបអាហ្រ្វិកលុបបំបាត់បានក្នុងឆ្នាំគ្រិស្ដសករាជ ១៩៧៧។

គួររំឭកថា នៅអំលុងពេលប្រើប្រាស់វ៉ាក់សាំងដំបូង លោកវេជ្ជបណ្ឌិត ជេនណឺរ មានក្ដីសង្ឃឹមថា វ៉ាក់សាំងគាត់ប្រាកដជាអាចកម្ចាត់ជំងឺអុតធំបាន។ លុះដល់ជិតពីរសតវត្សរ៍ក្រោយមក ការខិតខំរបស់ពិភពលោកក៏ទទួលបានជោគជ័យពិតប្រាកដមែន ដោយនៅក្នុងសម័យប្រជុំអង្គការសុខភាពពិភពលោកលើកទី២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា គ្រិស្ដសករាជ ១៩៨០ នោះ អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺអុតធំលែងមាននៅលើពិភពលោកទៀតហើយ៕

ប្រភព៖
* សៀវភៅ «ប្រវត្តិមនុស្សសំខាន់ក្នុងលោក»
* គេហទំព័រ https://www.cdc.gov/smallpox/history/history.html