(ញូដេលី)៖ ក្រសួងទូរគមនាគមន៍នៃប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ១២ មានដូចជា Ericsson, Nokia និង Samsung ព្រមទាំងអស់ក្រុមហ៊ុនផ្សេងៗទៀត ដាក់ឱ្យប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យា 5G ក្នុងរយៈពេល ៦ខែ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងទូរគមនាគមន៍ឥណ្ឌា បានបង្ហាញឱ្យឃើញថានៅក្នុងតារាងបញ្ជីឈ្មោះក្រុមហ៊ុនដែលត្រូវបាន អនុញ្ញាតនោះមិនមានឈ្មោះក្រុមហ៊ុនចិន Huawei និង ZTE ឡើយ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាក៏មិនបានចេញសេចក្ដីប្រកាសជាផ្លូវការ ណាមួយហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនទាំងពីរនេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌បានឱ្យដឹងថា ក្រុមហ៊ុននីមួយៗនឹងត្រូវធ្វើការសាកល្បងសមត្ថភាពបច្ចេកវិទ្យា 5G នៅតាមតំបន់ជនបទ ប្រជុំជន ជាយក្រុង និងទីក្រុង ពោលគឺសាកល្បងពេញផ្ទៃប្រទេសតែម្ដង ដើម្បីឱ្យដឹងពីអត្ថប្រយោជន៍របស់ 5G និងងាយស្រួលក្នុងការកំណត់ទីតាំងសម្រាប់ការប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា ឥណ្ឌគឺជាប្រទេសធំលំដាប់ទី២នៅលើពិភពលោកដែលមានអត្រានៃអ្នកប្រើប្រាស់ទូរស័ព្ទដៃច្រើនជាងគេបំផុត និងជាប្រទេសដែលស្ថិតនៅក្នុងតារាងមានអ្នកប្រើប្រាស់ស្មាតហ្វូនច្រើនជាងគេផងដែរ៕