(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា គ្រោងចាប់ផ្ដើមការប្រកួតឡើងវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីមានការបង្ហើបតម្រុយពីក្លិបមួយចំនួន ក៏ដូចជាការកោះប្រជុំមួយពីសំណាក់លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC កាលពីម្សិលមិញ។

ការបង្ហើបតម្រុយនៃការប្រកួតឡើងវិញនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេច ស្ដីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល (សេចក្ដីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១) ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ។

ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាលខាងលើ CNCC ក៏បានបើកកិច្ចប្រជុំតាម Online ជាមួយក្លិបសមាជិកក្របខណ្ឌលីគកំពូលកម្ពុជាទាំង១៣ ដើម្បីរៀបចំការចាប់ផ្ដើមការប្រកួតឡើងវិញ និងរៀបចំកាលវិភាគប្រកួតថ្មី បន្ទាប់ពីការប្រកួតត្រូវបានផ្អាកបណ្ដោះអាសន្នអស់រយៈពេលជាង ២សប្ដាហ៍កន្លងទៅ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

យ៉ាងណាមិញ CNCC នៅមិនទាន់ប្រកាសកាលបរិច្ឆេទនៃការចាប់ផ្ដើមប្រកួតឡើងវិញនោះទេ ប៉ុន្ដែប្រភពពីក្លិបសមាជិកមួយចំនួនបានបញ្ជាក់បង្ហើបថា លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ។

គួរដឹងថា លីគកំពូលកម្ពុជា បានដំណើរការប្រកួតបាន ៥សប្ដាហ៍មកហើយមុនផ្អាកការប្រកួតបណ្ដោះអាសន្ន ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនោះក្លិបមួយចំនួន ទើបប្រកួតបានម្ដង ហើយច្រើនបំផុតប្រកួតបាន ៤ប្រកួតប៉ុណ្ណោះ។ ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រុមអង្គរថាយហ្គឺរ កំពុងឈរកំពូលតារាង និងមាន ១០ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ឈរលេខ២ និងលេខ៣ មាន ៩ពិន្ទុស្មើគ្នា៕