(អាមេរិក)៖ កម្មវិធីកម្សាន្តដ៏ពេញនិយមនាពេលបច្ចុប្បន្ន TikTok បានប្រកាសតែងតាំងនាយកប្រតិបត្តិ (CEO) ថ្មី បន្ទាប់ពីនាយកប្រតិបត្តិចាស់លាឈប់ពីតំណែងអំឡុងពេលអាមេរិកគៀបសង្កត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន ByteDance បានប្រកាសឲ្យដឹងថា លោក Shouzi Chew ដែលបានចូលបម្រើនៅក្នុងក្រុមហ៊ុនកាលពីដើមឆ្នាំ ក្នុងតួនាទីជានាយកហិរញ្ញវត្ថុ (CFO) នឹងត្រូវឡើងកាន់តំណែងជា CEO ថ្មីរបស់ Tiktok។

ជាមួយគ្នានេះផងដែរ លោកស្រី Vanessa Pappas ដែលកាន់តំណែងជា CEO ស្ដីទីរបស់ Tiktok នឹងត្រូវទៅកាន់តំណែងជានាយកគ្រប់គ្រងទូទៅ (COO) វិញ ។

លោក Yiming Zhang នាយកប្រតិបត្តិ ByteDance បាននិយាយថា លោក Shouzi Chew គឺជាមនុស្សមួយរូបដែលស្គាល់ស្ថានភាពក្រុមហ៊ុនច្បាប់ ជាពិសេសមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មមួយនេះ ទាំងការងារជាមួយក្រុមអ្នកវិនិយោគ និងការងារបច្ចេកទេស។

គួរបញ្ជាក់ផងដែរថា លោក Kevin Mayer ជនជាតិអាមេរិក ដែលជាអតីត CEO របស់ Tiktok និង អតីត COO របស់ ByteDance បានលាឈប់ពីតំណែងកាលពីខែសីហា ឆ្នាំ២០២០ ចំពេល Tiktok រងសម្ពាធពីសហរដ្ឋអាមេរិក៕