(ក្រុងឡុងដ៍)៖ នៅពេលនេះក្រុមរបស់អង់គ្លេស ប៉ះអង់គ្លេសហើយក្នុងការដណ្តើមយកពានប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២០-២០២១ រវាងតោខៀវ Chelsea និង Manchester City ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នាទីក្រុង Istanbul ប្រទេសតួកគី។

Chelsea ដែលឈរលេខនៅ Premier League បានយកឈ្នះ Real Madrid ២-០ បញ្ចប់ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយ នៅពេលដែលពួកគេលេងស្មើគ្នា ១-១ កាលពីជើងទី១ ដែលធ្វើឲ្យអតីតក្រុមជើងឯក UCL កាលឆ្នាំ២០១២ មួយនេះមានឱកាសឡើងទៅប្រជែងពាននេះជាលើកទី២ ទៀតទល់នឹង Man City ដែលបានទម្លាក់ Paris Saint-Germain ក្នុងលទ្ធផល ៤-១ ទាំង ២ជើង។

កីឡាករខ្សែប្រយុទ្ធដែលតែងតែត្រូវបានគេរិះគន់ថាខ្សត់គ្រាប់បាល់ Timo Werner ជាអ្នកតែតគ្រាប់ទី១ នៅនាទី២៨ នៅមុនពេល Christian Pulisic បញ្ជូនឲ្យ Mason Mount ស៊ុតគ្រាប់ទី២ នៅនាទី៨៥ ធ្វើឲ្យក្រុមរបស់លោក Thomas Tuchel ស័ក្តិសមឡើងទៅប៉ះក្រុមឈរនៅកំពូលតារាង Premier League បច្ចុប្បន្ន Manchester City ក្រោយការទន្ទឹងរង់ចាំអស់រយៈពេល ៩ឆ្នាំ។

នេះក៏ជាលើកទី២ ក្នុងរយៈពេល ២រដូវកាលជាប់គ្នាផងដែរសម្រាប់អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Tuchel ដែលនឹងដឹកនាំក្រុមលេង Final នៃពានអឺរ៉ុប UCL ក្រោយពេលដឹកនាំ PSG ចាញ់ Bayern Munich ១-០ កាលឆ្នាំ២០២០៕