(មេនឆេស្ទើ)៖ កាលវិភាគថ្មីដែលត្រូវបានរៀបចំឡើងវិញ នៅក្រោយពេលអ្នកគាំទ្រអុកឡុកទីលានរំខានដល់ការប្រកួតគឺថា ក្រុមបាល់ទាត់ Manchester United ត្រូវបង្ខំចិត្តលេង ៤ប្រកួតក្នុងរយៈពេលតែ ៨ថ្ងៃប៉ុណ្ណោះ ស្ទើរកពេលសម្រាកគ្មាន។

កាលវិភាគថ្មីគឺថា Man Utd ត្រូវប៉ះ Roma នៅថ្ងៃទី០៦ ខែឧសភា បញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានទី២ អឺរ៉ុប UEFA Europa League។

សម្រាប់ថ្ងៃអាទិត្យ ទី០៩ ខែឧសភាវិញ Man Utd ត្រូវប៉ះម្ចាស់ផ្ទះ Aston Villa នៅកីឡដ្ឋាន Villa Park ក្នុងព្រឹត្តិការណ៍ Premier League នៅមុនពេល ២ថ្ងៃបន្ទាប់ពោលគឺថ្ងៃអង្គារ ទី១១ ខែឧសភា ត្រូវប៉ះ Leicester City នៅទឹកដី Old Trafford ក្នុង Premier League ដូចគ្នា មុនបន្តប៉ះ Liverpool ដែលអាក់ខានប្រកួតថ្ងៃមុនដោយសារអ្នកគាំទ្ររបស់ខ្លួនសម្រុកចូលទីលាននោះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភាវិញ។

ទាក់ទងនឹងកាលវិភាគថ្មីដែលមានការប្រកួតដ៏មមាញឺកនេះដែរ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅបិសាចក្រហមក៏បានថ្លែងប្រាប់ BBC ផងដែរថា «វាគឺជាពេលវេលាដ៏លំបាកមួយកីឡាករគ្រប់គ្នាដែលបន្ថែមបន្ទុកដោយសារតែអ្នកគាំទ្រទៀតនោះ»

គួររំលឹកផងថា ក្រុមអ្នកគាំទ្របាននាំគ្នាសម្រុកចូលទីលាន Old Trafford ដើម្បីតវ៉ាដល់ក្រុមលោក Glazer ដែលមានភាគហ៊ុនធំនៅក្នុងក្លិប Manchester United ឲ្យចុះចេញពីតំណែង ក៏ព្រោះតែគម្រោងការបង្កើតពានអឺរ៉ុបថ្មី European Super League។ ជំនួបរវាង Man Utd និង Liverpool ក៏ត្រូវបានគេទន្ទឹងរង់ចាំលទ្ធផល ដើម្បីកំណត់ជើងឯក Manchester City ដែលនៅសល់ ៤ប្រកួតទៀត៕