(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មធនាគារអនឡាញយក្ស PayPal Holdings Inc បានប្រកាសឱ្យដឹងថា ប្រាក់ចំណូល និងចំណេញនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ ទទួលបានលើសពីការរំពឹងទុក និងកើនឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន PayPal បានឱ្យដឹងថា ដោយសារតែបញ្ហាកូវីដ-១៩ បានធ្វើឱ្យការទូទាត់ប្រាក់តាមអនឡាញមានកើនឡើង ជាពិសេសគឺការទិញទំនិញតាមអនឡាញដោយប្រើប្រាស់ការបង់ប្រាក់តាមបែបឌីជីថល និងបានជំរុញឱ្យខ្លួនទទួលបានប្រាក់ចំណូលខ្ពស់ និង លើសពីការរំពឹងទុករបស់អ្នកវិភាគ។

លោក Dan Schulman នាយកប្រតិបត្តិ (CEO) របស់ PayPal បានបញ្ជាក់ថា នៅត្រីមាសទី១នេះ មានការទូទាត់ប្រាក់តាមរយៈ PayPal ដែលសរុបមានចំនួន ២៨៥ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៥០ភាគរយ និងទទួលបានអតិថិជនថ្មី ចំនួន ១៤.៥លាននាក់។

ក្រុមហ៊ុន PayPal មិនបានប្រកាសបង្ហាញរបាយការណ៍លម្អិតទាក់ទងនឹងប្រាក់ចំណូល និងចំណេញនោះទេ ដោយគ្រាន់តែឱ្យដឹងថា នៅក្នុងត្រីមាសទី១នេះ ខ្លួនទទួលបានប្រាក់ចំណូលកើនឡើងជាង ៣០ភាគរយ និងប្រាក់ចំណេញទទួលបានលើសពីការរំពឹងទុក ខណៈដែលរបាយការណ៍លម្អិតអាចនឹងបង្ហាញនៅក្នុងពេលឆាប់ៗខាងមុខនេះ៕