(ក្រុងឡុងដ៍)៖ មុនការជួបគ្នាជើងទី២ រវាងក្រុមអេស្ប៉ាញ Villarreal គ្រូបង្វឹក Unia Emery បានលើកឡើងថា ក្រុមគូប្រជែង Arsenal របស់អង់គ្លេស នឹងអាចឡើងទៅវគ្គផ្តាច់ព្រ័ត្របាន ទោះក្រុមខ្លួននាំមុខមុន ២-១ កាលប្រកួតជើងទី១ ក៏ដោយ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនាយប់ថ្ងៃទី០៧ ខែឧសភា ដែលស្ថិតក្នុងម៉ោង (២៖០០នាទីរំលងអាធ្រាត្រនៅកម្ពុជា)។

លោក Emery ដែលជាអតីតគ្រូ Arsenal បានដឹកនាំក្រុម Villarreal យកបានលទ្ធផល ២-១ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលក្រុមរហស្សមានកាំភ្លើងធំ Arsenal កំពុងស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta រកបានតែ ១គ្រាប់ប៉ុណ្ណោះសម្រាប់ប្រកួតក្រៅទឹកដីនេះ គ្រាដែលលោក Emery គិតថា «លទ្ធផលជើងទី១ វាពិតជាលទ្ធផលដ៏តិចមួយសម្រាប់ការប្រជែង យើងនឹងព្យាយាមប្រកួតប្រជែងជាមួយក្រុមនេះ»។

លោក Emery ជាគ្រូបង្វឹកអស្ចារ្យម្នាក់ធ្លាប់ដឹកនាំក្រុម Sevilla ឈ្នះពាន Europa League ៣សម័យកាលជាប់គ្នានោះ បានលើកឡើងថា «ក្នុងអារម្មណ៍មួយគិតថា Arsenal អាចឡើងវគ្គផ្តាច់ព្រ័ត្របានដែលគិតថា ក្រុមនេះកំពុងមានការរីកចម្រើនខ្លាំង» ខណៈដែលលោកធ្លាប់ដឹកនាំក្រុមមកពីអេស្ប៉ាញ ឡើងវគ្គ Final ប៉ះក្រុមអង់គ្លេស Liverpool កាលឆ្នាំ២០១៦ ដែលពេលនោះ Sevilla លើកពាននេះ៕