(ឥណ្ឌា)៖ ប្រទេសឥណ្ឌាមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌា (Republic of India)។ ប្រទេសនេះបានទទួលឯករាជ្យពីអង់គ្លេស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ហើយក្លាយជាសាធារណរដ្ឋ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០។ របបគ្រប់គ្រងនៃប្រទេសនេះគឺ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យអាស្រ័យសភា ដែលមាន ២៨រដ្ឋ និង ០៧ទឹកដីសហភាព។

តើប្រទេសនេះ មានចំណុចសំខាន់អ្វីខ្លះ ដែលគេត្រូវឈ្វេងយល់? ចង់ជ្រាបច្បាស់ សូមអានអត្ថបទចំណេះដឹងទូទៅខាងក្រោមនេះ៖

១៖ ភូមិសាស្ត្រ

* ទីតាំងភូមិសាស្ត្រ
យោងតាមប្រភពពី Statista បានឲ្យដឹងថា ប្រទេសឥណ្ឌាមានផ្ទៃដី ៣,២៨៧,៥៩០គីឡូម៉ែត្រក្រឡា ធំជាងគេទី៧ លើពិភពលោក។ ប្រទេសនេះ មានទីតាំងស្ថិតនៅភូមិភាគអាស៉ីខាងត្បូង ខាងលិចជាប់នឹងសមុទ្រអារ៉ាប់ ខាងកើតជាប់នឹងឈូងសមុទ្របេងហ្គាល់ និងខាងត្បូងជាប់មហាសមុទ្រឥណ្ឌា ហើយមានព្រំប្រទល់ខាងជើង ព្រំប្រទល់ខាងឦសាន ព្រំប្រទល់ខាងពាយព្យ និងព្រំប្រទល់ខាងកើត ជាប់នឹងប្រទេសប៉ាគីស្ថាន ណេប៉ាល់ ប៊ូតាន ចិន និងបង់ក្លាដេស។

* ព្រំប្រទល់
ឥណ្ឌាមានព្រំដែនគោកសរុបប្រវែង ១៤.១០៣គីឡូម៉ែត្រ ជាប់នឹងប្រទេសបង់ក្លាដេស ៤.០៥៣គីឡូម៉ែត្រ ប្រទេសប៊ូតាន ៦០៥គីឡូម៉ែត្រ ប្រទេសភូមា ១.៤៦៣គីឡូម៉ែត្រ ប្រទេសចិន ៣.៣៨០គីឡូម៉ែត្រ ប្រទេសនេប៉ាល់ ១.៦៩០គីឡូម៉ែត្រ និងប្រទេសប៉ាគីស្ថាន ២.៩១២គីឡូម៉ែត្រ។ លើសពីនេះ ឥណ្ឌានៅមានឆ្នេរសមុទ្រជាង ៧.៥១៧គីឡូម៉ែត្រទៀត។

២៖ លក្ខណៈប្រជាសាស្ត្រ
គិតត្រឹមឆ្នាំ២០១៩ ឥណ្ឌាមានប្រជាជន ១.៣៦៦ប៊ីលាននាក់ ជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី២ ក្នុងលោកបន្ទាប់ពីប្រទេសចិន។ នេះបើតាមប្រភពពី ធនាគារពិភពលោក (World Bank)។ ប្រជាជនប្រហែល៧០% រស់នៅតាមទីជនបទ ទោះជានៅទសវត្សចុងក្រោយប្រជាជន ដែលមានជីវភាពតោកយ៉ាកខ្លាំង បានធ្វើចំណាកស្រុកទៅកាន់ទីក្រុង ក្នុងចំនួនកាន់តែច្រើនឡើងក៏ដោយ។

ឥណ្ឌាមានជាតិសាស្ត្រ និងភាសាផ្សេងៗគ្នាទៅតាមតំបន់ភូមិសាស្ត្រនីមួយៗ។ ឥណ្ឌា គឺជាទីកំណើតនៃអំបូរភាសាពីរធំៗគឺ៖ ឥណ្ឌូ-អារ្យ័ន (មានប្រជាជន៧៤% ជាអ្នកនិយាយ) និងទ្រាវីទ (មានប្រជាជន២៤% ជាអ្នកនិយាយ)។ ក្រៅពីនេះភាសាផ្សេងទៀត មានកំណើតចេញពីអំបូរភាសាអូស្ត្រូ-អាស៉ី និងទីបេ-ភូមា។

ភាសាហិណ្ឌូ អង់គ្លេស និងមានភាសាផ្សេងទៀត ត្រូវបានគេឃើញប្រើប្រាស់នៅឥណ្ឌា។ ភាសាហិណ្ឌូត្រូវបាននិយាយដោយប្រជាជនច្រើនជាងគេ (ប្រហែល៣០% នៃប្រជាជនសរុប) គឺជាភាសាផ្លូវការសម្រាប់សហព័ន្ធ។ ភាសាអង់គ្លេស ត្រូវបានគេនិយមប្រើក្នុងការងារធ្វើជំនួញ និងរដ្ឋបាលជាភាសាផ្លូវការសម្រាប់ជំនួយ។ រដ្ឋធម្មនុញ្ញ ក៏បានទទួលស្គាល់ផងដែរថា ២១ភាសាផ្សេងទៀត មានការប្រើប្រាស់យ៉ាងច្រើន ឬតំណាងភាពពីសម័យបុរាណ។ ឥណ្ឌាមានភាសារហូតដល់ ១៦៥២ភាសា គឺច្រើនជាងគេលើពិភពលោក។

ប្រជាជនជាង ៨០០លាននាក់ត្រូវជា ៨០.៥% កាន់សាសនាហិណ្ឌូ ឬលទ្ធិព្រាហ្មណ៍។ សាសនាផ្សេងៗទៀតមាន៖ ឥស្លាមសាសនា ១៣.៤%, គ្រិស្តសាសនា ២.៣%, ស៉ីកសាសនា ១.៩%, ព្រះពុទ្ធសាសនា ០.៨% និងសាសនាជាច្រើនទៀត។ ក្រុមកុលសម្ព័ន្ធផ្សេងៗមានប្រហែល ៨.១% នៃប្រជាជនសរុប។

៣៖ វិស័យនយោបាយ
បំណែងចែកប្រព័ន្ធរដ្ឋបាលឥណ្ឌា គឺជាសាធារណរដ្ឋសហព័ន្ធនៃ ២៨រដ្ឋ (States) និង ០៧ទឹកដីសហភាព (Union Territories) ហើយមានរដ្ឋធានីនៅទីក្រុងញូដេលី (New Delhi)។ គ្រប់រដ្ឋទាំងអស់ និងអាណាខេត្តចំនួនពីរគឺ៖ ប៉ូដាច់ឆេរី (Poducherry) និងរដ្ឋធានីជាតិដេលី (National Capital Territory of Delhi) បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលប្រចាំរដ្ឋ និងអាណាខេត្តផ្ទាល់ខ្លួន។

អាណាខេត្តចំនួន ០៥ផ្សេងទៀត ត្រូវបានតែងតាំងក្បាលម៉ាស៉ីនរដ្ឋបាល និងគ្រប់គ្រងដោយផ្ទាល់ពីប្រធានាធិបតី។ រដ្ឋ ឬអាណាខេត្តនីមួយៗត្រូវបានចែកទៅជា ៦១០ស្រុក (Districts) សម្រាប់ការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។ ស្រុកត្រូវបានចែកទៅជាសង្កាត់ (Townships or Tehsils) និងបន្តចែកទៅជាភូមិ (Villages)។

រដ្ឋធម្មនុញ្ញឥណ្ឌា បានប្រកាសដាក់ឲ្យប្រើចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៥០មកម៉្លេះ។ យោងតាមរដ្ឋធម្មនុញ្ញឥណ្ឌា ក្នុងបុព្វកថាបានចែងថា ឥណ្ឌាគឺជាសាធារណរដ្ឋដែលមានអធិបតេយ្យភាព សង្គមនិយម មិនអាស្រ័យជំនឿសាសនា និងប្រជាធិបតេយ្យ។ ឥណ្ឌាមានរដ្ឋាភិបាលសហព័ន្ធមួយ និងសភាពីរ ដែលចែកអំណាចបីផ្សេងគ្នាគឺ៖ អង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងតុលាការ។

ប្រធានាធិបតីជាប្រមុខរដ្ឋដែលត្រូវបានបោះឆ្នោតតាមវិធីសកល ដែលរួមមានសមាជិកនៃសភាទាំងពីរសម្រាប់អាណត្តិរយៈពេលប្រាំឆ្នាំ ដោយពុំមានការកម្រិតអាណត្តិទេ។ ប្រធានាធិបតីឥណ្ឌា គឺជានិមិត្តរូបពុំមានអំណាចទូលំទូលាយទេ ប៉ុន្តែមានសិទ្ធិប្រកាសប្រទេស ដាក់ក្នុងភាពអាសន្នប្រសិនបើមានការចាំបាច់។ នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល មានអំណាចយ៉ាងទូលំទូលាយក្នុងអង្គនីតិប្រតិបត្តិ។ នាយករដ្ឋមន្ត្រីត្រូវតែងតាំងដោយប្រធានាធិបតី និងដោយមានការគាំទ្រពីសភាពីគណបក្ស ដែលមានសំឡេងភាគច្រើនក្នុងសភាជាន់ទាប។

* អង្គនីតិបញ្ញត្តិ
អង្គនីតិបញ្ញត្តិនៃប្រទេសឥណ្ឌាមានសភាពីរផ្សងគ្នាគឺ៖ សភាជាន់ខ្ពស់ហៅថា រ៉ាចយ៉ា សាបា Rajya Sabha (ក្រុមប្រឹក្សារដ្ឋ) និងសភាជាន់ទាបហៅថា លោក សាបា Lok Sabha (សភាប្រជាជន)។ សភាជាន់ខ្ពស់ត្រូវមានសមាជិកមិនលើសពី ២៥០រូបឡើយ (សមាជិកអចិន្ត្រៃយ៍មាន២៤៥រូប) ក្នុងនោះមាន ១២រូប ត្រូវបានតែងតាំងដោយប្រធានាធិបតី ក្រៅពីនេះត្រូវបានបោះឆ្នោតជ្រើសតាំងដោយសភារដ្ឋ និងសភាអាណាខេត្តទៅតាមសមាមាត្រនៃចំនួនប្រជាជនសម្រាប់អាណត្តិ ០៦ឆ្នាំ។ នៅសភាថ្នាក់ទាបមានសមាជិកសរុប ៥៤៥រូប ក្នុងនោះ ៥៤៣រូប ត្រូវបោះឆ្នោតដោយផ្ទាល់ពីប្រជាជន និង ២រូបទៀត ត្រូវបានតែងតាំងដោយប្រធានាធិបតីសម្រាប់អាណត្តិ ០៥ឆ្នាំ។

* អង្គនីតិប្រតិបត្តិ
អង្គនីតិប្រតិបត្តិរួមមានប្រធានាធិបតី អនុប្រធានាធិបតី និងគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីគ្រប់រូបនៃគណៈរដ្ឋមន្ត្រី ត្រូវតែជាសមាជិកនៃសភាណាមួយ ក្នុងចំណោមសភាទាំងពីរ។ ក្នុងប្រព័ន្ធសភាឥណ្ឌា អង្គនីតិប្រតិបត្តិអាស្រ័យទៅនឹងអង្គនីតិបញ្ញត្តិ។ ដូច្នេះនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីរបស់គាត់ ត្រូវទទួលខុសត្រូវចំពោះសភាជាន់ទាប។

* តុលាការ
ឥណ្ឌាមានតុលាការបីថ្នាក់រួមគ្នា គឺមានតុលាការកំពូលដឹកនាំដោយប្រធានចៅក្រមម្នាក់ និងចៅក្រម ២៥រូបផ្សេងទៀត ដែលតែងតាំងដោយប្រធានាធិបតី ដែលត្រូវបំពេញតួនាទីរហូតដល់អាយុ ៦៥ឆ្នាំ ឬក៏អាចដកហូតតួនាទីប្រសិនបើរកឃើញភស្តុតាងថា បានប្រព្រឹត្តនូវអំពើមិនសមរម្យ ឬខុសពីក្រមសីលធម៌ និងតុលាការថ្នាក់ខ្ពស់ (ស្មើនឹងសាលាឧទ្ធរណ៍នៅខ្មែរ) ចំនួន២១ ព្រមទាំងតុលាការថ្នាក់ទាប (ស្មើនឹងសាលាដំបូងនៅខ្មែរ) ជាច្រើនទៀត។

តុលាការកំពូលមានសមត្ថកិច្ចលើករណី ដែលពាក់ព័ន្ធនឹងសិទ្ធិមូលដ្ឋាន និងលើជម្លោះរវាងរដ្ឋ និងអំណាចកណ្ដាលព្រមទាំងបណ្ដឹងឧទ្ធរណ៍ពីតុលាការថ្នាក់ខ្ពស់។ តុលាការត្រូវតែឯករាជ្យ ហើយមានអំណាចប្រកាសដាក់ឲ្យប្រើច្បាប់ និងអាចច្រានចោលផងដែរនូវច្បាប់របស់សហព័ន្ធ ឬច្បាប់រដ្ឋទាំងឡាយណា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ តួនាទីជាអ្នកត្រួតពិនិត្យច្បាប់ចុងក្រោយនៃរដ្ឋធម្មនុញ្ញ គឺជាមុខងារមួយយ៉ាងសំខាន់របស់តុលាការកំពូល។

៤៖ ទំនាក់ទំនងអន្តរជាតិ
ចាប់តាំងពីទទួលឯករាជ្យនៅឆ្នាំ១៩៤៧មក ឥណ្ឌាបានថែរក្សាចំណងមិត្តភាពជាមួយប្រជាជាតិជាច្រើន។ នៅទសវត្សឆ្នាំ១៩៥០ ឥណ្ឌាបានចាប់យកតួនាទីជាអ្នកដឹកនាំ ការគាំទ្រដល់ការទាមទារឯករាជ្យ នៃបណ្ដាអាណានិគមអឺរ៉ុប នៅទ្វីបអាស៉ី និងអាហ្វ្រិក។

ក្រោយពីសង្គ្រាមរវាងចិន-ឥណ្ឌា និងឥណ្ឌា-ប៉ាគីស្ថាន នៅឆ្នាំ១៩៦៥ មកទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងឥណ្ឌា និងសហភាពសូវៀត បានធ្វើឲ្យឥណ្ឌាបាត់បង់នូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយបានបន្តសភាពបែបនេះ រហូតដល់ការបញ្ចប់នូវសង្គ្រាមត្រជាក់។ ឥណ្ឌាបានធ្វើសង្គ្រាម ៤ដង ជាមួយប៉ាគីស្ថាន ដែលបញ្ហាចម្បង គឺជម្លោះដណ្ដើមដែនដីកាស្មៀរ។ ឥណ្ឌាបានឈ្នះសង្គ្រាមជាមួយប៉ាគីស្ថាន នៅឆ្នាំ១៩៧១ ដោយឥណ្ឌាបានជួយគាំទ្រ ដល់ចលនារំដោះជាតិបង់ក្លាដេស (អតីតប្រទេសប៉ាគីស្ថានខាងកើត)។

ឥណ្ឌា គឺជាសមាជិក និងជាអ្នកទ្រទ្រង់ដ៏យូរលង់នៃអង្គការសហប្រជាជាតិ (UN) នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពចំនួន ៣៥ ទូទាំងទ្វីបទាំង ៤។ គំនិតដែលផ្ដួចផ្ដើមដោយមេដឹកនាំឥណ្ឌា បានបង្កើតឲ្យមានឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន។ នៅក្នុងវិស័យសេដ្ឋកិច្ចវិញ ឥណ្ឌាបានបង្កើតឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានា នៅអាមេរិកខាងត្បូង អាស៉ី និងអាហ្វ្រិក៕

៥៖ ចំណុចគួរកត់សម្គាល់
យោងតាមសៀវភៅរបស់ក្រសួងអប់រំ ស្តីពីប្រទេសឥណ្ឌាក្នុងមជ្ឈិមសម័យ បោះពុម្ភនៅឆ្នាំ២០២០ បានឲ្យដឹងថា ផ្នែកវិទ្យាសាស្ត្រវិញ ប្រទេសនេះក៏បានកសាងសមិទ្ធិធំៗ និងមានរបកគំហើយជាច្រើនជាពិសេសផ្នែកតារាវិទ្យា គណិតវិទ្យា គីមី និងរូបវិទ្យា។

ប្រទេសឥណ្ឌា បានក្លាយជាមហាអំណាចនុយក្លេអ៊ែរ នៅឆ្នាំ១៩៧៤ មកម្ល៉េះ បន្ទាប់ពីសាកល្បងជាលើកដំបូង ដោយពុំមានប្រកាសជាសាធារណៈទេ រហូតដល់ ១៩៩៨ ទើបសាកល្បងអាវុធនុយក្លេអ៊ែរម្តងទៀត និងប្រកាសជាសធារណៈនូវអំណាចសក្តានុពលរបស់នុយក្លេអ៊ែរខ្លួនតែម្តង។

យោងតាមប្រភពពី Investopedia បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២០ ប្រទេសឥណ្ឌា ក៏បានក្លាយជាមហាអំណាចសេដ្ឋកិច្ច ជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមបណ្តាប្រទេសអ្នកមានលើពិភពលោក។ វិស័យសុខាភិបាលវិញ មានការរីកចម្រើនគួរឲ្យសរសើរផងដែរ ប៉ុន្តែគួរឲ្យស្តាយថា អំឡុងពេលមានវិបត្តិកូវីដ១៩នេះ ឥណ្ឌាមិនអាចការពារប្រជាជនខ្លួនបាន សូម្បីតែអុកស៉ីហ្សែន ក៏មិនមានគ្រប់គ្រាន់ទៀត ធ្វើឲ្យមានអ្នកស្លាប់ជាបន្តបន្ទាប់។

យោងតាមប្រភពពី គេហទំព័រ Worldometer បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាបានក្លាយជាប្រទេសឈរលើលេខរៀងទី២ តាមពីក្រោយអាមេរិក ដែលមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ។ ឥណ្ឌាមានអ្នកឆ្លងសរុប ២១,០៧០,៨៥២នាក់ ស្លាប់ ២៣០,១៥១នាក់ និងជាសះស្បើយ ១៧,២៦៩,០៧៦នាក់៕

ប្រភព៖ គេហទំព័រ Statista, គេហទំព័រ Investopedia, គេហទំព័រ Worldometer, រដ្ឋធម្មនុញ្ញាឥណ្ឌា, ស្ថិតិពីធនាគារពិភពលោក, សៀវភៅរបស់ក្រសួងអប់រំ ស្តីពីប្រទេសឥណ្ឌាក្នុងមជ្ឈិមសម័យ បោះពុម្ភនៅឆ្នាំ២០២០ និងឯកសារជាច្រើនទៀត