(ភ្នំពេញ)៖ លោក Kazunori Inoue គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី បានសរសើរនូវអត្ដចរិតរបស់កូនក្រុមខ្លួន ហើយលោកបានប្ដេជ្ញានឹងខិតខំបង្ហាត់ពួកគេឲ្យក្លាយជាកីឡាករល្អម្នាក់នាថ្ងៃអនាគត។ ការលើកឡើងនេះ ស្របពេសលោកកំពុងដឹកនាំក្រុមប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទទ្វារ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី អំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៨។

បុរសជនជាតិជប៉ុនរូបនេះបាននិយាយថា «ពួកយើងព្យាយាមពង្រឹងកីឡាករយុវជននូវបច្ចេកទេស តាក់តិច និងភាពរឹងមាំនៃកាយសម្បទា។ រាល់ពេលហ្វឹកហាត់ យើងផ្ដោតបន្ថែមលើចំណុចដូចជា ការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែង អត្តចរិតរបស់យុវជនទាំងនេះ គឺពិតជាល្អណាស់។ ពួកគេមិនទាន់ចូលរួមការប្រកួតណាមួយនៅឡើយទេ ប៉ុន្ដែការហ្វឹកហាត់ពេលបច្ចុប្បន្ននេះ គឺផ្ដោតសំខាន់សម្រាប់អនាគតយុវជនផ្ទាល់ មិនចំពោះតែការប្រកួតទេ។ យើងនឹងបង្ហាត់ពួកគេឲ្យក្លាយជាកីឡាករល្អម្នាក់ទៅថ្ងៃអនាគត»

ចំពោះការប្រមូលផ្ដុំហ្វឹកហាត់ខាងលើវិញ លោក Kazunori Inoue បានបញ្ជាក់ថា ទាំងការស្នាក់នៅ និងការហ្វឹកហាត់ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ រួមជាមួយការថែរក្សាអនាម័យជានិច្ច ដោយគោរពតាមវិធានការជំងឺកូវីដ-១៩ ពិសេសបិទការចេញ-ចូល ដោយមិនអនុញ្ញាតឲ្យកីឡាករចេញក្រៅពីមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទីឡើយ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាពរបស់កីឡាករម្នាក់ៗ៕