(ភ្នំពេញ)៖ នៅមុននេះបន្ដិច ក្លិបបាល់ទាត់វិសាខា បានប្រកាសព័ត៌មានរសើបមួយ ជុំវិញការចែកផ្លូវគ្នាជាមួយខ្សែបម្រើសញ្ជាតិអង់គ្លេស កីឡាករ Charlie Machell។ ប៉ុន្ដែការបញ្ចប់កិច្ចសន្យាមុនកាលកំណត់នេះ ក្លិបពុំបានបញ្ជាក់មូលហេតុច្បាស់លាស់នោះទេ ដោយគ្រាន់តែអះអាងថា ធ្វើឡើងបន្ទាប់ពីមានការព្រមព្រៀងគ្នារវាងភាគីទាំងពីរ។
បេក្ខភាពលេងវគ្គជម្រុះពានរង្វាន់ AFC Cup 2021 នេះបានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា «ពួកយើងបានសម្រេចចិត្តដ៏លំបាកបំផុត ក្នុងការបញ្ចប់កិច្ចសន្យាជាមួយកីឡាករសញ្ជាតិអង់គ្លេស Charlie Machell បន្ទាប់ពីមានការព្រមព្រៀងគ្នា។ តាងនាមគ្រួសារបាល់ទាត់ វិសាខា សូមជូនពរ Charlie ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីពនាថ្ងៃអនាគត»។
គួរដឹងថា Charlie Machell ត្រូវបានប្រកាសផ្ទេរមកកាន់ក្របខណ្ឌលីគកំពូលកម្ពុជា លើកទី២ ដោយចូលរួមជាមួយក្រុមវិសាខាកាលពីដើមខែកុម្ភៈកន្លងទៅ តែរូបគេមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការនោះទេ បន្ទាប់ពីអវត្តមានក្នុងការប្រកួតបើករដូវកាល អំឡុងពេលវិសាខា ប្រកួតស្មើក្រុមភ្ញៀវកងយោធពលខេមរភូមិ ០-០ នាដើមខែមីនា ឆ្នាំ២០២១ កន្លងទៅ។
ក្រោយការចាកចេញរបស់អតីតយុវជនថ្នាលអាយុក្រោម ១៨ឆ្នាំរបស់ក្លិបសារិកាព្រៃ Newcastle United ខាងលើនេះ នាំឲ្យវិសាខាសល់កីឡាករបរទេស ៤រូបប៉ុណ្ណោះ គឺមានអតីតខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Marcus Haber ខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez ខ្សែបម្រើជម្រើសជាតិអាហ្វហ្គានីស្ថាន Mustafa Zazai និងខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi ដើម្បីបន្ដជួយក្រុមក្នុងការប្រកួតលីគ ក៏ដូចជាពាន AFC Cup 2021 នាពេលខាងមុខ៕