(ភ្នំពេញ)៖ ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបានរៀបចំមូលនិធិស្បៀងអាហារនៃក្រុមហ៊ុន Smart Axiata (Smart Axiata Food Support Program) សម្រាប់អតិថិជនរបស់ខ្លួន ក្នុងការចូលរួមបរិច្ចាគថវិកាដោយមានភាពងាយស្រួល។

ចាប់ពីថ្ងៃនេះទៅ អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគទៅកាន់មូលនិធិស្បៀងអាហារ ដោយគ្រាន់តែចុច *2020* ហើយបញ្ចូលចំនួនទឹកប្រាក់ ដែលអ្នកចង់បរិច្ចាគ ក្រោយមកចុចសញ្ញាទ្រុងជ្រូក #។ ពួកគេអាចបរិច្ចាគ ទឹកប្រាក់ចំនួនប៉ុន្មាន ក៏បានចន្លោះពីចាប់ពី១ដុល្លារ រហូតដល់១០ដុល្លារ។ ឧទាហរណ៍៖ ប្រសិនបើអតិថិជន ចង់បរិច្ចាគ២ដុល្លារ ពួកគេគ្រាន់តែចុច *2020*2#។ ជំនួយបរិច្ចាគនេះ ធ្វើការទទួលយករហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់១០ម៉ឺនដុល្លារ។ ថវិកា ជំនួយទាំងអស់នឹងយកមកប្រើប្រាស់ សម្រាប់ទិញស្បៀង អាហារជំនួយសង្គ្រោះបន្ទាន់ ដែលនឹងចែកចាយ តាមរយៈអាជ្ញាធរក្នុងតំបន់ ទៅដល់ពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហម ដែលកំពុងជួបប្រទះបញ្ហាក្នុងការស្វែងរកស្បៀង។

កិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានធ្វើឲ្យតំបន់ខ្លះនៅក្នុងរាជធានី ត្រូវបានបន្ធូរបន្ថយ នូវវិធានការរឹតត្បឹតមួយចំនួន យ៉ាងណាមិញក៏នៅមាន ប្រជាពលរដ្ឋកម្ពុជាមួយចំនួន តូចនៅតែបន្តទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការបិទខ្ទប់។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា «ក្រុមហ៊ុន Smart Axiata គឺនឹងគាំទ្រប្រទេសកម្ពុជាគ្រប់កាលៈទេសៈ ហើយយើងយកចិត្តទុកដាក់លើសុវត្ថិភាព សុខភាព និងសុខុមភាពរបស់ ពលរដ្ឋកម្ពុជាគ្រប់រូបអំឡុងពេលនៃវិបត្តិនេះ ដូចេ្នះហើយ យើងចូលរួមធ្វើអ្វីៗគ្រប់យ៉ាង តាមសមត្ថភាពរបស់យើងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលត្រូវការជំនួយបំផុតក្នុងគ្រាលំបាកនេះ។

លោកបន្ដថា «យើងតែងឃើញមានការគាំទ្រជាច្រើន ពីអតិថិជនរបស់យើងកន្លងមក។ ពួកគេតែងតែមានទឹកចិត្តអាណិតចង់ចូលរួម ជួយដល់ជនរួមជាតិកម្ពុជា ដូចច្នេះហើយ យើងនឹងផ្ដល់ឱកាសនេះ ដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកនេះ ដើម្បីយើងអាចឆ្ពោះទៅមុខរួមគ្នា ក្នុងនាមជាប្រជាជាតិមួយ»

លោក Thomas បានបន្ថែមទៀតថា «យើងសង្ឃឹមថា អតិថិជនរបស់យើងនឹងចូលរួមបង្ហាញម្ដងទៀត នូវស្មាតីសហគមន៍ និងចិត្តសប្បុរសធម៌ ដើម្បីគាំទ្រអ្នកដែល កំពុងត្រូវការជំនួយ។ នេះគឺជាពេលវេលា ដ៏សាកសមសម្រាប់ពលរដ្ឋ ដើម្បីបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងអំពើល្អដល់គ្នាទៅវិញទៅមកដូចដែលយើង បានធ្លាប់ធ្វើកាលពីមុនមក»

ជាផ្នែកមួយនៃកម្មវិធីគាំទ្ររាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា ក្រុមហ៊ុន Smart បានផ្ដើមសកម្មភាពជាច្រើន ដើម្បីគាំទ្រអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា និងជាពិសេស អ្នកដែលស្ថិតនៅក្នុងតំបន់ក្រហមជាមួយ និងការផ្ដល់ជូនដូចជា៖

* អតិថិជនក្រុមហ៊ុន Smart ទាំងអស់ទទួលសេវាហៅក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល៦០នាទី រហូតដល់ថ្ងៃទី១៥ ខែខែឧសភា ដោយគ្រាន់តែ ចុច*2021# ម្តងគត់
* អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ឫក្បែរតំបន់ក្រហម ទទួលបាន ការពន្យាសុពលភាពលេខទូរស័ព្ទ និងទទួលបានទិន្នន័យ អ៉ិនធឺណិត 60MB ឥតគិតថ្លៃរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយចុច *2021*1# ម្តងគត់
* រាល់អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលបញ្ចូលទឹកប្រាក់ចាប់ពី១ដុល្លារឡើងទៅ នៅពេលចាប់ផ្ដើមប្រើស៊ីមទូរស័ព្ទ ឥលូវនេះអាចខ្ចីទឹកប្រាក់ ដោយមិនគិតអំពី រយៈពេលនៃការប្រើប្រាស់ ប្រព័ន្ធក្រុមហ៊ុន Smart។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh