(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ពហុកីឡដ្ឋានមរតកតេជោ ត្រូវបានសាងសង់បាន៩៥ភាគរយហើយ ខណៈនៅសល់ ៥ភាគរយទៀត ក្រុមការងារនឹងបន្តធ្វើឱ្យរួចរាល់ឆាប់ៗនេះ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការឱ្យដឹងបែបនេះរបស់លោក វ៉ាត់ ចំរើន បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញអមដមណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានគណៈកម្មការជាតិរៀបចំការប្រកួតស៊ីហ្គេម ចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក កម្មករកសាងក្រសួងការពារជាតិ និងកម្មករកសាងពហុកីឡដ្ឋានមរតកតេជោ ប្រមាណ១,៥០០នាក់ នៅពហុកីឡដ្ឋានមតរកតេជោ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ បានអារម្មណ៍រំភើបរីករាយជាខ្លាំងដោយសារតែរៀបចំ ការកសាងកីឡដ្ឋាននេះ (ពហុកីឡដ្ឋានមរតកតេជោ បាន៩៥ភាគរយហើយ គឺថានៅសេសសល់រឿងបន្តិចបន្តួចទេ ដែលកំពុងតែបន្ថែម និងកែលម្អតែប៉ុណ្ណោះ កៅអីក៏បានបំពាក់ ស្មៅក៏ឃើញល្អ ប៉ុន្តែ នៅសល់តែបន្តិចបន្តួចទេ...! គ្រោងនឹងបញ្ចប់ឆាប់ៗនេះ»

បើតាមលោក វ៉ាត់ ចំរើន បានឱ្យដឹងថា នៅក្នុងអញ្ជើញចូលទស្សនកិច្ចពហុកីឡដ្ឋានមរតកតេជោនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ ដោយសម្តេចបានលើកឡើងនេះជា សម្បត្តិដ៏មហាសាល និងជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយទៀត ជាពិសេសគឺយុវជនផងដែរ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាមាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ការសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក... ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។

ពហុកីឡដ្ឋានធំនេះ ក៏មានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣៕