(ភ្នំពេញ)៖ ក្រុមហ៊ុន foodpanda បានចាត់តំណាងក្រុមហ៊ុនចុះទៅសួរសុខទុក និងធ្វើការសុំទោសចំពោះកំហុសឆ្គងដែលបុគ្គលិកខ្លួន បង្កឡើងដោយអចេតនា លើសមត្ថកិច្ចមួយរូបពេលកំពុងបំពេញការងារ ហើយក្រុមហ៊ុន foodpanda ក៏បានធ្វើការចេញថ្លៃព្យាបាល ចំពោះសមត្ថកិច្ចដែលរងរបួសផងដែរ។

សូមជម្រាបថា កាលពីវេលា ៦៖១៥នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១កន្លងទៅ នៅចំណុចផ្លូវ២១៧ ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើង ដោយបុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpanda ម្នាក់ បានបើកម៉ូតូជ្រុលប៉ះសមត្ថកិច្ចមួយរូប ដែលកំពុងបំពេញតួនាទី បណ្តាលឲ្យរងរបួស។

ក្រោយកើតមានករណីគ្រោះថ្នាក់នេះ ទន្ទឹមនឹងការចុះសួរសុខទុក្ខ និងចេញថ្លៃព្យាបាលសមត្ថកិច្ចខាងលើ ក្រុមហ៊ុន foodpand ក៏បានសំណូមពរដល់ដល់ដៃគូដឹកជញ្ជូនទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ និងអនុវត្ត ៣កុំ ៣ការពារ៕