(ភ្នំពេញ)៖ ក្រុមហ៊ុន Saniswiss Cambodia ជាក្រុមហ៊ុនឈានមុខនៃផ្នែកដំណោះស្រាយ អនាម័យសុវត្ថិភាព បានចូលរួមក្នុងយុទ្ធនាការ «ជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក»។

សូមជម្រាបថា យុទ្ធនាការ «ជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក-Seconds Saves Lives-Clean Your Hands» ធ្វើទ្បើងជារៀងរាល់ឆ្នាំ និងតែងតែរៀបចំឡើងនៅថ្ងៃទី៥ ខែឧសភា ដោយមានការចូលរួមពីមជ្ឃដ្ឋានជុំវិញពិភពលោក។

យុទ្ធនាការនេះបង្កើតទ្បើងក្នុងឆ្នាំ២០០៩ ដោយអង្គការសុខភាពពិភពលោក ដើម្បីឈានរកគោលដៅនៃ ការថែរក្សាអនាម័យដៃ និងលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប ចូលរួមអនុវត្តទាំងអស់គ្នា ដោយប្រើប្រាស់វិធីនៃការសម្អាតដៃត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព។

ជាក់ស្ដែងនៅថ្ងៃទី៥ ខែឧសភាយុទ្ធនាការ «ទិវាអនាម័យដៃពិភពលោក» បានរៀបចំឡើង និងក្នុងគោលដៅលើកកម្ពស់សុវត្ថិភាពអនាម័យជាសកល ជាពិសេសកំទ្បុងពេលមានការរាតត្បាតជំងឺកូវីដ១៩ជុំវិញពិភពលោក។

កម្មវិធីនេះរៀបចំឡើងតាមរយៈ Zoom ដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនគ្រប់មជ្ឃដ្ឋានប្រមាណ១២០នាក់ ដែលមានឆន្ទៈឥតលក្ខខណ្ឌ ក្នុងការចូលរួមគាំទ្រផ្សព្វផ្សាយការរយល់ដឹង និងសារៈសំខាន់នៃយុទ្ធនាការនេះទូទាំងពិភពលោក។

ក្នុងនាមជាក្រុមហ៊ុនឈានមុខ នៃផ្នែកដំណោះស្រាយអនាម័យសុវត្ថិភាព ក្រុមហ៊ុន Saniswiss Cambodia បានចូលរួមជាផ្នែកមួយ នៃយុទ្ធនាការទិវាអនាម័យដៃពិភពលោក ឆ្នាំ២០២១នេះផងដែរ។

លោក Lim Say Chung អគ្គនាយកក្រុមហ៊ុន Saniswiss Cambodia បានឲ្យដឹងថា «អនាម័យដៃជាដំណោះស្រាយ និងជាមធ្យោបាយងាយស្រួល ដើម្បីជួយថែរក្សាសុខភាព និងជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនានា ពិសេសជំងឺកូវីដ១៩នេះ។ ក្រុមហ៊ុនសំណូមពរដល់បុគ្គលិក, អ្នកជំងឺ, អ្នកថែទាំ និងអ្នកដំណើរចូលរួមទប់ស្កាត់ការឆ្លងជំងឺ ដោយអនាម័យដៃឲ្យទៀងទាត់ និងតាមវិធីសាស្រ្តត្រឹមត្រូវ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩»។

លោកបានបន្ដថា ការអនុវត្តអនាម័យដៃមានសារៈសំខាន់ ក្នុងការការពារហានិភ័យនៃការឆ្លង និងជាផ្នែកមួយនៃការគ្រប់គ្រង សុខភាពសាធារណៈ និងការឆ្លងមេរោគ។
ការអនាម័យដៃប្រកបដោយប្រសិទ្ធភាព អាចការពារការឆ្លងមេរោគដែលគំរាមកំហែង ដល់សុខភាពផងដែរ។ ដូច្នេះការចូលរួមក្នុងយុទ្ធនាការ ទិវាអនាម័យដៃនៅថ្ងៃទី៥ឧសភា ពិតជាមានសារៈសំខាន់ ដើម្បីជួយទ្រទ្រង់ការលើកកម្ពស់ នៃសកម្មភាពអនាម័យ ជាមូលដ្ឋានយ៉ាងចាំបាច់ សម្រាប់មនុស្សគ្រប់គ្នាអនុវត្ត។

ក្រុមហ៊ុនសានីស្វីសខេមបូឌា លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា ស្វែងយល់កាន់តែច្បាស់ពី វិធីសាស្រ្តនៃការសម្អាតដៃត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ។ ជាពិសេសរយៈពេលត្រឹមតែពីរ ឬបីវិនាទីនៃការសម្អាតអនាម័យដៃអ្នក អាចជួយសង្គ្រោះជីវិតអ្នកបាន៕