(ម៉ារ៉ុក)៖ ស្ត្រីជនជាតិម៉ាលីម្នាក់ អាយុ ២៥ឆ្នាំ បានសម្រាលកូនភ្លោះដល់ទៅ ៩នាក់ឯណោះ ដែលរឿងដ៏កម្រនេះបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

លោកស្រី Hamila Cisse បានផ្តល់កំណើតឲ្យទារករបស់នាងចំនួន ៩នាក់ នៅក្នុងគ្លីនីកមួយកន្លែង ក្នុងប្រទេសម៉ារ៉ុក ក្រោយពីរដ្ឋាភិបាលប្រទេសម៉ាលី សម្រេចដឹកនាងតាមជើងយន្តហោះ ដើម្បីផ្តល់ការថែទាំសុខភាពជាពិសេស។ នាងទទួលបានកូនស្រី ៥នាក់ និងកូនប្រុស ៤នាក់ ក្នុងពេលតែមួយ។

ប្តីរបស់នាងគឺលោក Adjudant Kader Arby បានថ្លែងប្រាប់ BBC ថា «ខ្ញុំរីករាយខ្លាំងណាស់។ ប្រពន្ធ និងកូនរបស់ខ្ញុំ មានសុខភាពល្អទេពេលនេះ»។

កាលពីឆ្នាំ២០០៩ មានស្ត្រីម្នាក់សម្រាលកូន ៨នាក់ នៅសហរដ្ឋអាមេរិក បានជាប់កំណត់ត្រាពិភពលោក (World Guinness Record) លើការដែលអាចផ្តល់កំណើត ដល់កូនខ្ចីជាច្រើនក្នុងពេលតែមួយ។ ក្រៅពីនេះ នៅមានមនុស្ស ២នាក់ទៀត ដែលសម្រាលកូន ៩នាក់ ដែលត្រូវបានកត់ត្រាពីមុននោះ រួមមាន ស្ត្រីម្នាក់ នៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៧១ និងម្នាក់ទៀត នៅប្រទេសម៉ាឡេស៉ី ក្នុងឆ្នាំ១៩៩៩ ប៉ុន្តែអត់មានទារកណាម្នាក់ បានរស់ច្រើនក្នុងពេលនោះទេ។

Fanta Siby រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសម៉ាលី បានអបអរសាទរក្រុមវេជ្ជសាស្ត្រម៉ាលី និងម៉ារ៉ុក ដែលបានជោគជ័យលើការងារសម្រាលនេះ។

សាស្ត្រាចារ្យ Youssef Alaoui នាយកវេជ្ជសាស្ត្រនៃគ្លីនិក Ain borja នាទីក្រុង Casablanca ដែលជាកន្លែងលោកស្រី Cisse សម្រាលកូន បានប្រាប់ភ្នាក់ងារសារព័ត៌មនា AFP ឲ្យដឹងថា ករណីនេះកម្រកើតមានណាស់។ នេះជាករណីកម្រមែនទែន ហើយមានវេជ្ជបណ្ឌិត ១០នាក់ និងក្រុមពេទ្យ ២៥នាក់ ចូលរួមជួយការសម្រាលកូន មុនកាលកំណត់នេះ។

សាស្រ្តាចារ្យរូបនេះបន្តថា «ទារកទាំងនោះមានទម្ងន់ចន្លោះពី កន្លះគីឡូក្រាម និង១គីឡូក្រាម ហើយពួកគេអាចនឹងទទួលការថែរក្សា នៅក្នុងកន្លែងដាក់ទារកមិនទាន់គ្រប់ខែប្រមាណ ២ ឬ៣ខែសិន។

ការពរពោះរបស់លោកស្រី Cisse គឺជារឿងគួរឲ្យចាប់អារម្មណ៍មួយនៅប្រទេសម៉ាលី ទោះបីជាពេលនាងពរពោះ មានការពិនិត្យថា នាងមានទារកត្រឹមតែ ៧នាក់ប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍។

មុនដំបូង វេជ្ជបណ្ឌិតនៅអាហ្វ្រិកខាងលិច បានសម្តែងការព្រួយបារម្ភបញ្ហាសុខុមាលភាព និងឱកាសសម្រាប់ថែរក្សាផ្ទៃពោះ ដូច្នេះហើយទើបទទួលបានការអន្តរាគមន៍ ពីរដ្ឋាភិបាលម៉ាលីដោយផ្តាល់។ ក្រោយពីស្នាក់នៅមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានីប្រទេសម៉ាលី អស់រយៈពេល ២សប្តាហ៍ រដ្ឋាភិបាលក៏សម្រេច បញ្ជូនគាត់ទៅកាន់ប្រទេសម៉ារ៉ុក នៅថ្ងៃទី៣០ ខែមេសា។

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាលី, បន្ទាប់ពីចំណាយពេលអស់ ៥សប្តាហ៍ នៅគ្លីនីកម៉ារ៉ុក លោកស្រី Cisse ក៏សម្រាលកូនដោយការវះកាត់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

សាស្ត្រាចារ្យ Youssef Alaoui បានឲ្យដឹងដែរថា លោកស្រី Cisse បានពរពោះអស់ពេល ២៥សប្តាហ៍ ហើយក្រុមគ្រូពេទ្យរបស់លោក បានបន្តទុកឲ្យនាងពរពោះ ៣០សប្តាហ៍សិន មុនវះកាត់ដើម្បីសម្រាល៕