(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានអស់ឱកាសប្រជែងយកពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ជាផ្លូវការហើយ ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ០-០ សម្រាប់ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយទល់នឹងក្រុមអេស្ប៉ាញ Villarreal។

ក្រុមរបស់លោក Mikel Arteta បានប្រកួតចាញ់ Villarreal ក្នុងលទ្ធផល ២-១ កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញ ជាហេតុធ្វើឲ្យក្រុមអង់គ្លេសមួយនេះមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ UEL រដូវកាលនេះ ដោយសារគ្មានគ្រាប់ស៊ុតក្នុងដី ដ្បិតពួកគេត្រូវការតែ ១គ្រាប់នៅកីឡដ្ឋាន Emirates។

Europa League ជាពានតែ ១គត់ដែល Arsenal ត្រូវប្រឹង ដើម្បីបានលេងពានអឺរ៉ុប UCL រដូវកាលក្រោយផងដែរ ដ្បិតពួកគេបានកំពុងឈរនៅលេខរៀងទី៩ ក្នុង Premier League ដាច់ឆ្ងាយពីកៅអី Top-4 តោខៀវ Chelsea ដល់ទៅ ១២ពិន្ទុ គ្រាដែលនៅសល់ ៤ប្រកួតទៀតនឹងបិទរដូវកាល។

លោក Unai Emery បានវិលត្រឡប់មកកាន់កីឡដ្ឋាន Emirates វិញក្នុងនាមជាអ្នកចាត់ការទូទៅ Villarreal ដែលបានទម្លាក់ Arsenal រូបលោកធ្លាប់ដឹកនាំបាន ១៨ខែផងនោះត្រឹមវគ្គ ៤ក្រុមចុងក្រោយ នៅពេលដែល Arsenal ក៏បានចាញ់ Chelsea ម្តងមកហើយដែរកាលវគ្គផ្តាច់ព្រ័ត្រ UEL កាលឆ្នាំ២០១៩៕