(ពិភពលោក)៖ ច្រកសមុទ្រ ដែលភាសាអង់គ្លេសហៅថា Strait នោះ គឺជាផ្លូវទឹកធម្មជាតិដ៏សំខាន់ដែលស្ថិតនៅចន្លោះទ្វីបនិងទ្វីប ឬទ្វីបនិងកោះ ឬកោះនិងកោះជាដើម។ ម្យ៉ាងទៀត វាក៏ជាបណ្ដាញផ្លូវទឹកតភ្ជាប់រវាងសមុទ្រ ឈូងសមុទ្រ និងមហាសមុទ្រផងដែរ។

ខាងក្រោមនេះជាកំពូលច្រកសមុទ្រសំខាន់ៗទាំង ១៥ ដែលមានសកម្មភាពនាវាចរយ៉ាងមមាញឹក៖

១៖ ច្រកសមុទ្របាបអ៊ែលម៉ាន់ដេប (Bab-el-Mandeb Strait)

ច្រកសមុទ្របាបអ៊ែលម៉ាន់ដេប គឺជាច្រកសមុទ្រដ៏សំខាន់បំផុតមួយដែលតភ្ជាប់រវាងសមុទ្រក្រហម (Red Sea) និងឈូងសមុទ្រអេឌិន (Gulf of Aden)។ ទីតាំងរបស់ច្រកសមុទ្រនេះស្ថិតនៅចន្លោះប្រទេសយេមែន (Yemen) ដែលនៅខាងទ្វីបអាស៉ី និងប្រទេសជីប៊ូទី (Djibouti) និងប្រទេសអេរីត្រេ (Eritrea) ដែលនៅខាងទ្វីបអាហ្រ្វិក។ សកម្មភាពនាវាចរនៅច្រកសមុទ្រនេះ គឺមានភាពមមាញឹកយ៉ាងខ្លាំង ដោយសារវាជាផ្លូវសមុទ្រតភ្ជាប់ជាមួយព្រែកជីកស៊ុយអេ (Suez Canal) ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់រវាងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាស៉ី។

២៖ ច្រកសមុទ្រប៊ែរីង (Bering Strait)

ច្រកសមុទ្រប៊ែរីង គឺជាច្រកសមុទ្រដែលតភ្ជាប់រវាងសមុទ្រប៊ែរីង (Bering Sea) នៅខាងមហាសមុទ្រប៉ាស៉ីហ្វិក និងសមុទ្រឆុកឈី (Chukchi Sea) នៅខាងមហាសមុទ្រទឹកកកអាក់ទិក។ ទីតាំងរបស់ច្រកសមុទ្រប៊ែរីងនេះ ស្ថិតនៅចន្លោះរវាងចុងភាគខាងកើតប្រទេសរុស្ស៉ី និងរដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក។ ចំពោះសកម្មភាពនាវាចរនៅច្រកសមុទ្រនេះ ជូនកាលត្រូវឆ្លងកាត់ផែនទឹកកកដែលតែងអណ្ដែតកាត់ពីមុខផ្លូវនាវាជារឿយៗ។

៣៖ ច្រកសមុទ្របូសស្ព័រូស (Bosphorus Strait)

ច្រកសមុទ្របូសស្ព័រូស គឺជាចំណុចពុះជ្រៀកប្រទេសតួកគីជាពីរចំណែក ដោយម្ខាងផ្ញើខ្លួននៅទ្វីបអឺរ៉ុប និងម្ខាងទៀតផ្ញើខ្លួននៅទ្វីបអាស៉ី មានន័យថា ច្រកសមុទ្រនេះក៏ដើរតួជាព្រំប្រទល់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៉ីផងដែរ។ លាតសន្ធឹងចំកណ្ដាលទីក្រុងអ៉ីស្ដង់ប៊ុល (Istanbul) ច្រកសមុទ្របូសស្ព័រូស គឺជាចំណុចតភ្ជាប់ផ្លូវសមុទ្ររវាងសមុទ្រខ្មៅ (Black Sea) និងសមុទ្រម៉ារម៉ារ៉ា (Marmara Sea)។

៤៖ ច្រកសមុទ្រដូវវឺរ (Strait of Dover)

ស្ថិតនៅចន្លោះចក្រភពអង់គ្លេស និងប្រទេសបារាំង ច្រកសមុទ្រដូវវឺរ គឺជាច្រកសមុទ្រដ៏ល្បីល្បាញមួយប្រចាំទ្វីបអឺរ៉ុប ដោយវាជាចំណុចតភ្ជាប់រវាងសមុទ្រសែលទិក (Celtic Sea) និងសមុទ្រឧត្តរ (North Sea)។ គេអាចហៅច្រកសមុទ្រនេះបានម្យ៉ាងទៀតថា English Channel។

៥៖ ច្រកសមុទ្រជីប្រាល់តារ (Strait of Gibraltar)

ច្រកសមុទ្រជីប្រាល់តារ គឺជាចំណុចតភ្ជាប់រវាងមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) ហើយស្ថិតនៅចន្លោះប្រទេសអេស៉្បាញ ដែលនៅខាងទ្វីបអឺរ៉ុប និងប្រទេសម៉ារ៉ុក (Morocco) ដែលខាងទ្វីបអាហ្រ្វិក។

៦៖ ច្រកសមុទ្រហ័រមូហ្ស (Strait of Hormuz)

ច្រកសមុទ្រហ័រមូហ្ស ជាចំណុចតភ្ជាប់រវាងឈូងសមុទ្រអូម៉ង់ (Gulf of Oman) និងឈូងសមុទ្រពែក្ស (Persian Gulf) ហើយស្ថិតនៅចន្លោះរវាងប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងប្រទេសអ៉ីរ៉ង់។

៧៖ ច្រកសមុទ្រម៉ាឡាកា (Straits of Malacca)

ច្រកសមុទ្រម៉ាឡាកា ជាច្រកដ៏សំខាន់មួយប្រចាំតំបន់អាស៉ីអាគ្នេយ៍ ដោយវាតភ្ជាប់រវាងសមុទ្រហនុមាន (Andaman Sea) និងសមុទ្រចិនខាងត្បូង (South China Sea) ពោលគឺស្ថិតនៅចន្លោះរវាងឧបទ្វីបម៉ាឡេ នៃប្រទេសម៉ាឡេស៉ី និងកោះស៊ូម៉ាត្រាភាគខាងជើង នៃប្រទេសឥណ្ឌូណេស៉ី។

៨៖ ច្រកសមុទ្រសិង្ហបុរី (Singapore Strait)

ចេញពីច្រកសមុទ្រម៉ាឡាកានោះមក នាវាដឹកទំនិញនឹងមកដល់ច្រកសមុទ្រសិង្ហបុរី ដោយច្រកនេះគឺជាចំណុចតភ្ជាប់ផ្លូវសមុទ្រដ៏សំខាន់មួយរវាងច្រកសមុទ្រម៉ាឡាកា និងសមុទ្រចិនខាងត្បូង ដែលស្ថិតនៅចន្លោះរវាងប្រទេសសិង្ហបុរី និងឥណ្ឌូណេស៉ី។

៩៖ ច្រកសមុទ្រស៊ុនដា (Sunda Strait)

ច្រកសមុទ្រស៊ុនដា មានទីតាំងស្ថិតនៅចន្លោះកោះស៊ូម៉ាត្រាភាគខាងត្បូង (South Sumatra) និងកោះជ្វាភាគខាងលិច (West Java) នៃប្រទេសឥណ្ឌូណេស៉ី។ ច្រកសមុទ្រនេះតភ្ជាប់រវាងមហាសមុទ្រឥណ្ឌា និងសមុទ្រជ្វា (Java Sea)។

១០៖ ច្រកសមុទ្រផលក៍ (Palk Strait)

ច្រកសមុទ្រនេះស្ថិតនៅចន្លោះរវាងប្រទេសឥណ្ឌា (រដ្ឋ Tamil Nadu) និងប្រទេសស្រីលង្កា។ វាតភ្ជាប់រវាងឆកសមុទ្របេងហ្កាល់ (Bay of Bengal) និងឈូងសមុទ្រម៉ាន់ណារ (Gulf of Mannar)។

១១៖ ច្រកសមុទ្រទ័ររ៉េស (Torres Strait)

ច្រកសមុទ្រទ័ររ៉េស មានទីតាំងស្ថិតនៅចន្លោះរវាងប្រទេសអូស្ត្រាលី និងប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ ឬ ប៉ាពូញូវហ្គីណេ (Papua New Guinea)។ វាតភ្ជាប់រវាងសមុទ្រអារ៉ាហ្វ៊ូរ៉ា (Arafura Sea) និងសមុទ្រកូរ៉ាល់ (Coral Sea)។

១២៖ ច្រកសមុទ្រត្ស៊ូហ្ការ៉ា (Tsugaru Straits)

ច្រកសមុទ្រនេះស្ថិតនៅចន្លោះកោះហុងស៊ូ (Honshu) និងកោះហុកកៃដូ (Hokkaido) នៃប្រទេសជប៉ុន ដែលតភ្ជាប់រវាងសមុទ្រជប៉ុន ឬសមុទ្រខាងកើត ទៅនឹងមហាសមុទ្រប៉ាស៉ីហ្វិក។

១៣៖ ច្រកសមុទ្រឃុក (Cook Strait)

អាចនិយាយបានថា ប្រទេសនូវែលសេឡង់ដាច់ជាពីរកំណាត់ធំៗ ក៏ដោយសារច្រកសមុទ្រឃុកនេះឯង ដោយវាជាចំណុចខណ្ឌចែករវាងកោះភាគខាងជើង និងកោះភាគខាងត្បូង នៃប្រទេសនូវែលសេឡង់។ ឈ្មោះរបស់ច្រកនេះ គឺហៅតាមឈ្មោះរបស់លោក ជែម ឃុក (James Cook) ដែលជាកំពូលអ្នករុករកជនជាតិអង់គ្លេសម្នាក់ កាលពីអំលុងសតវត្សទី១៨ ហើយលោកក៏បានទៅដល់ដែនដីប្រទេសនូវែលសេឡង់នេះមុនគេផងដែរ។

១៤៖ ច្រកសមុទ្រម៉ាសេឡង់ (Straits of Magellan)

ច្រកម៉ាសេឡង់ គឺជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់អ្នកដើរសមុទ្រ និងនាវាដឹកទំនិញទាំងឡាយ ដែលចង់ឆ្លងទៅមករវាងមហាសមុទ្រប៉ាស៉ីហ្វិក និងមហាសមុទ្រអាត្លង់ទិក។ វាស្ថិតនៅភាគខាងត្បូងនៃទ្វីបអាមេរិកខាងត្បូង កាត់ព្រំដែនប្រទេសឈីលី ឬស៉ីលី (Chile) និងប្រទេសអាហ្សង់ទីន (Argentina)។ ឈ្មោះរបស់ច្រកនេះ គឺយកតាមឈ្មោះរបស់លោក ហ្វ៊ែរឌីណង់ ម៉ាសេឡង់ (Ferdinand Magellan) ដែលជាកំពូលអ្នករុករកមួយរូបរបស់ប្រទេសអេស្ប៉ាញ កាលពីអំលុងសតវត្សទី១៦។

១៥៖ ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)

ស្ថិតនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់ ច្រកនេះជាចំណុចតភ្ជាប់រវាងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ រាល់នាវាដឹកទំនិញចូលទៅកាន់កំពង់ផែសៀងហៃ (Port of Shanghai) កំពង់ផែនីងប៉-ចូវសាន (Port of Ningbo-Zhoushan) កំពង់ផែឈីងតាវ (Port of Qingdao) និងកំពង់ផែធានជីង (Port of Tianjin) ដែលជាកំពង់ផែធំៗរបស់ប្រទេសចិននោះ គឺភាគច្រើនត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះឯង។

ជាការពិតណាស់ ច្រកសមុទ្រសំខាន់ៗទាំងនេះ បានដើរតួយ៉ាងសំខាន់ក្នុងនាមជាផ្លូវនាវាដឹកទំនិញមកពីគ្រប់ទិសទី ហើយវាត្រូវគេចាត់ទុកជាដែនទឹកអន្តរជាតិ ដូច្នេះមិនមានការយកពន្ធ ឬបង់ថ្លៃអ្វីទាំងអស់នោះឡើយ៕