(ភ្នំពេញ)៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា ទោះបីសមត្ថភាពកីឡាករ-កីឡាការិនីហែលទឹកកម្ពុជា នៅមានកម្រិត និងពិបាកក្នុងការប្រជែងមេដាយអូឡាំពិក តែសហព័ន្ធនៅតែចង់បានលទ្ធផលល្អក្នុងការប្រកួត ពិសេសចង់យកឈ្នះលើបណ្ដាប្រទេសចូលរួមដូចគ្នា។

ការលើកឡើងនេះ ស្របពេលសហព័ន្ធត្រៀមបញ្ជូនកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ២រូបចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលលើកពេលពីឆ្នាំ២០២០ មកប្រកួតឆ្នាំ២០២១ នាខែកក្កដាខាងមុខក្នុងនាមអត្តពលិកទទួលបានសិទ្ធិអនុគ្រោះ ដើម្បីចូលរួមព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ។

អគ្គលេខាធិការសហព័ន្ធខាងលើបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតអូឡាំពិកកន្លងមក កីឡាហែលទឹកកម្ពុជាពុំធ្លាប់ជាប់ការប្រកួតជម្រុះនោះទេ ពោលគឺទទួលបានត្រឹមសិទ្ធិអនុគ្រោះចូលរួមប៉ុណ្ណោះ។ ប៉ុន្ដែឆ្នាំនេះសហព័ន្ធនឹងសម្រិតសម្រាំងកីឡាករ-កីឡាការិនីដែលមានសមត្ថភាពខ្ពស់បំផុត ចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ ដើម្បីដណ្ដើមលទ្ធផលល្អ ទោះមិនរំពឹងឈ្នះមេដាយក៏ដោយ។

លោកបន្ដថា «ពេលនេះយើងបានត្រៀមកីឡាករ ២រូប និងកីឡាការិនី ២រូប (សុំមិនបញ្ចេញឈ្មោះ) ដើម្បីធ្វើតេស្ដសមត្ថភាព និងបញ្ជូនទៅ ព្រោះកម្រិតការប្រកួតអូឡាំពិក យើងដឹងហើយជាកម្រិតខ្ពស់ យើងពិបាកក្នុងការដណ្ដើមមេដាយក៏ពិតមែន តែយើងក៏ចង់បានលទ្ធផលល្អសម្រាប់ការប្រកួតរបស់យើង គឺការប្រកួតកម្រិតពិភពលោកបែបនេះ យើងចង់ឈ្នះលើបណ្ដាប្រទេសចូលរួមដូចយើងដែរ ដើម្បីឲ្យបានច្រើនប្រទេស ហើយជាក់ស្ដែងសិទ្ធិផលរបស់យើង គឺយើងចង់បានឲ្យកាន់តែលឿន ក្នុងការប្រកួតមួយនេះ»

លោក ហែម គិរី បន្ថែមថា ជាមួយការចូលរួមក្នុងនាមសិទ្ធិអនុគ្រោះនេះ សហព័ន្ធកីឡាហែលទឹកអន្ដរជាតិ តម្រូវឲ្យកីឡាករ-កីឡាការិនីម្នាក់ ប្រកួតតែ ១វិញ្ញាសាប៉ុណ្ណោះ ជាក់ស្ដែងកីឡាករ-កីឡាការិនីកម្ពុជា ដែលត្រូវបញ្ជូនទៅចូលរួមប្រកួតអូឡាំពិក នៅទីក្រុងតូក្យូ នឹងត្រូវប្រកួតលើវិញ្ញាសា ៥០ម៉ែត្រដូចគ្នា ស្របពេលការប្រកួតគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ។ ប៉ុន្ដែក្រៅពីកីឡាហែល ឆ្នាំនេះ កម្ពុជាក៏ទទួលបានសិទ្ធិអនុគ្រោះក្នុងការបញ្ជូនកីឡាករអត្តពលកម្មចូលរួមម្នាក់ផងដែរ៕