(ឥណ្ឌា)៖ តារាល្បីៗជាច្រើនរូបរបស់ឥណ្ឌា នឹងរួមគ្នាបង្កើតព្រឹត្តិការណ៍មួយតាមរយៈវីដេអូអនឡាញ ក្នុងគោលបំណងរៃអង្គាសប្រាក់ ចូលរួមផ្គត់ផ្គង់បរិក្ខាវេជ្ជសាស្ត្រចាំបាច់ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ ខណៈប្រទេសអាស៉ីខាងត្បូងមួយនេះ កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ នូវរលកឆ្លងថ្មី នៃជំងឺដ៏កាចសាហាវកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងដោយបវរកញ្ញា «Miss Universe» ឥណ្ឌា ឆ្នាំ២០០០ និងគ្រូបង្វឹកសម្តែងរបស់ឥណ្ឌា លោក Shalyamal Vallabhijee ព្រមទាំងបុគ្គលល្បីក្នុងវិស័យបូលីវូដជាច្រើនរួមទៀត ដូចជាតារាល្បី Amitabh Bachchan, Karan Johar, អ្នកផលិតភាពយន្ត Rahman, អ្នកវាយសី Sania Mirza និងបុគ្គលល្បីជាច្រើនរូបទៀត។ វានឹងត្រូវធ្វើឡើង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ តាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមធំៗជាច្រើន ដូចជា YouTube និង Twitte ជាដើម។

ព្រឹត្តិការណ៍ដែលមានរយៈពេល២ម៉ោងនេះ ត្រូវបានរំពឹងថា នឹងរៃអង្គាសបានប្រាក់ចំនួន ១លានដុល្លារអាមេរិក ត្រឹមថ្ងៃទី១២ ខែឧសភា ខណៈទឹកប្រាក់ដែលទទួលបាននឹងយកទៅទិញបរិក្ខាវេជ្ជសាស្ត្រនានា ដូចជាអុកស៉ីសែន, គ្រែអ្នកជំងឺ និងរបស់របរចាំបាច់ផ្សេងៗទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ ទី០៧ ខែឧសភានេះចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,៤៨៥,២៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២៣៤,០៧១នាក់ និងជាសះស្បើយឡើងវិញ ១៧.៦លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៦៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។

ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 ដែលបាននិងកំពុងបោកបក់នោះ ប្រទេសឥណ្ឌាកន្លងមកនេះបានទទួលជំនួយពីបរទេស ជាពិសេស គឺអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យសរុបជាង ៣,០០០តោនរួចទៅហើយ៕