(ភ្នំពេញ)៖ លោក លូ ម៉េង នាយកប្រតិបត្តិ នៃក្រុមហ៊ុន អលមិនគ្រុប និងមិត្តភក្តិដែលរស់នៅក្រៅប្រទេស បាននាំយកអំណោយស្បៀងចំនួន ៣០០កញ្ចប់ ជូនដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់។

ការបរិច្ចាគអំណោយសប្បុរសធម៌នេះ គឺជាការសហការជាមួយមូលនិធិ មុទិតា ដែលជាអង្គការសប្បុរសធម៌មួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន H.R.H. របស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ព្រះស្ថាបនិកមូលនិធិមុទិតា ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយក្រុម បានចូលរួមគ្នាជួយចែកអំណោយដល់អ្នកខ្វះខាតនៅតំបន់ក្រហម ដែលរងគ្រោះដោយជំងឺរាលត្បាត Covid-19 ។

ការបរិច្ចាគទៅកាន់តំបន់ក្រហមនេះ ត្រូវបានចូលរួមដោយ លោក លូ ម៉េង ព្រមទាំងភរិយា មិត្តភក្តិដែលរស់នៅ ទីក្រុងភ្នំពេញ ប្រទេសអូស្ត្រាលី វៀតណាម នូវែលសេឡង់ និងសហរដ្ឋអាមេរិក។

លោក លូ ម៉េង បានថ្លែងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19 ។ ដូច្នេះ លោកនិងសប្បុរសជន ជាតិ-អន្តរជាតិ ក៏សូមចូលរួមចំណែកក្នុងការជួយ និងផ្តល់ជូននូវអ្វីដែលពួកលោក អាចជួយបាន ដើម្បីរួមជាចំណែកកាត់បន្ថយផលប៉ះពាល់នៃជំងឺរាលត្បាត Covid-19 មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ពលរដ្ឋចំនួន ៣៣០គ្រួសារ គឺក្នុងរយៈពេល៣ថ្ងៃ បានចាប់ផ្តើមពីថ្ងៃទី ៦ឧសភា ឆ្នាំ២០២១តទៅ៕