(ក្រុងឡុងដ៍)៖ ទាំងអ្នកគាំទ្រក្លិបតោខៀវ Chelsea និងមេឃខៀវ Manchester City មិនគួរធ្វើដំណើរទៅទស្សនាវគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League នៅប្រទេសតួកគីនោះទេ ក៏ព្រោះតែទីនោះជួបវិបត្តិនូវជំងឹ COVID-19។ នេះបើតាមការលើកឡើងរបស់រដ្ឋាភិបាលអង់គ្លេស។

តាមគម្រោងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League នឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដែលមានក្រុមអង់គ្លេសទាំងពីរគឺ Chelsea និង Manchester City ត្រូវប្រជែងគ្នា។

អគ្គលេខាធិការដឹកជញ្ជូនអង់គ្លេស លោក Grant Shapps បានលើកឡើងថា ប្រទេសដែលបានកំពុងញាំញីដោយជំងឺ Covid-19 ឬតំបន់ក្រហមនោះ មិនគួរត្រូវបានធ្វើទស្សនកិច្ចឡើយ។ លោកថា រដ្ឋាភិបាលអង់គ្លេសក៏បានបើកទូលាយក្នុងការធ្វើជាម្ចាស់វគ្គផ្តាច់ព្រ័ត្រនៃ UCL នៅចក្រភពអង់គ្លេសដែរ។

កន្លងមក UEFA បានសង្ឃឹមថា នឹងផ្តល់ឲ្យក្លិបទាំងពីរនូវចំនួនសំបុត្រយ៉ាងតិច ៤,០០០សន្លឹកសម្រាប់ការប្រកួតនៅឯកីឡដ្ឋាន Ataturk Olympic ប្រទេសតួកគី។

លោក Shapps បានបញ្ជាក់ថា ពលរដ្ឋអង់គ្លេសដែលវិលត្រឡប់មកពីបណ្តាប្រទេសក្នុងបញ្ជីក្រហមតម្រូវឲ្យមានការរស់នៅដាច់ដោយឡែកពីគេបណ្តោះអាសន្នរយៈពេល ១០ថ្ងៃ ដែលហេតុការណ៍នេះ អាចមានឥទ្ធិពលលើកីឡាករដែលត្រូវចូលរួមក្នុង Euro 2020 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនាផងដែរ៕