(ភ្នំពេញ)៖ នៅក្នុងកាលៈទេសៈនេះ យើងដឹងថា អ្នកណាក៏មានភាពតានតឹងដែរ ប៉ុន្តែក៏ជឿជាក់ថា យើងខ្ញុំអាចចែករំលែកក្តីសង្ឃឹម ដល់អ្នកដែលទីទាល់បំផុតបាន។ ដូច្នេះ វីង បានបង្កើតជាកម្មវីធី កុម្ម៉ង់អាហារសប្បុរស នៅលើវីងម៉ល (WingMall) ដើម្បីចែកជូនដល់បងប្អូនខ្វះខាត។

សប្បុរសជនទាំងឡាយ អាចធ្វើការបញ្ជាទិញ អង្ករ មី ត្រីខ ទឹកត្រី និងម្ហូបអាហារជាច្រើនផ្សេងទៀត តាមរយៈ វីងម៉លក្នុងកម្មវិធីស្មាតហ្វូនវីង (Wing App) អ្នកនិងអាចជ្រើសរើសទីតាំង ដែលមានអ្នកខ្វះខាតជាច្រើនដូចជា ផ្សារចាស់ ផ្សារកណ្ដាល វត្តនាគវន្ត័ មុខវាំង ឬអាចផ្តល់លេខទំនាក់ទំនង ហើយក្រុមអ្នកដឹកជញ្ជូន វីងម៉ល នឹងនាំយកអាហារនិងសម្ភារៈទាំងនោះ ចែកជូនដល់អ្នកខ្វះខាតពិតប្រាកដដោយឥតគិតថ្លៃសេវា។

លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម វីងម៉ល បានថ្លែងថា «នេះជាពេលវេលាដ៏សែនលំបាកមួយ ចំពោះលោកអ៊ុ លោកតា ធាក់ស៊ីក្លូ អ្នករើសអេដចាយ កម្មករសំណង់ ជាច្រើនកំពុងជួបបញ្ហាខ្វះអាហារបរិភោគ។ សំរាប់អ្នកខ្វះខាតមួយចំនួន អាហារមួយកញ្ចប់ ឬសម្ភារមួយចំនួនមិនត្រឹមតែ ចម្អែតតែមួយក្រពះប៉ុណ្ណោះទេ តែជាការលើកទឹកចិត្ត ការរួមសុខរួមទុកនិង ផ្តល់ក្តីសង្ឃឹមដល់ពួកគាត់»

លោកស្រីបានបន្តថា រាល់ទំនិញដែលត្រូវបានកុម្ម៉ង់ដោយអតិថិជន នឹងត្រូវដឹកជូនដល់ក្រុមគោលដៅយ៉ាងពិតប្រាកដ និងមិនមានបាត់បង់អ្វីឡើយ។

ស្ថិតក្នុងវ័យ៧៤ឆ្នាំ លោកពូ ឈុន ថន អ្នកធាក់ស៊ីក្លូជាង៣០ឆ្នាំ នៅម្តុំផ្សារថ្មី បាននិយាយទាំងក្តុកក្តួលថា «ម៉ារដូវកូវីដនេះ រកអីហូបស្ទើរតែមិនបាន។ ព្រឹកមិញអង្គុយចាំដឹកម៉ូយ បិះអត់អីហូប សំណាងចេះមានគេឲ្យបាយថ្ងៃត្រង់ទុកហូបពីរនាក់យាយនៅផ្ទះ»

លោកពូក៏បានបង្ហាញក្តីត្រេកអរ ចំពោះការផ្តួចផ្តើមឲ្យមានកម្មវិធី កុម្ម៉ង់អាហារសប្បុរស នៅលើ វីងម៉ល ហើយលោកសង្ឃឹម នឹងមានអ្នកបរិច្ចាគច្រើន ដើម្បីជួយដល់ជនទីទាល់ដូចជារូបគាត់។

ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ លោកអ្នកអាចយល់ដឹងពីវិធីបរិច្ចាគតាមរយៈវីដេអូ ដែលមានការណែនាំយ៉ាងលំអិត តាមរយៈ តំណរភ្ជាប់ខាងក្រោម៕
Link: https://fb.watch/5lx-ungLpC/