(បាសេឡូណា)៖ FC Barcelona នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Atletico Madrid នៅរាត្រីនេះថ្ងៃសៅរ៍នេះក្នុងការប្រកួតដណ្តើមតំណែងកំពូលតារាង La Liga គ្រាដែល Real Madrid លេងជាមួយ Sevilla ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

បន្ទាប់ពីតាមពីក្រោយក្រុម Atletico Madrid ដល់ទៅ ១៣ពិន្ទុកាលពីខែមករានោះ ជ័យជម្នះនៅរាត្រីថ្ងៃសៅរ៍នេះ នឹងធ្វើឲ្យ Barcelona ដែលឈរនៅចំណាត់ថ្នាក់លេខ៣ ឡើងទៅឈរនៅចំណាត់ថ្នាក់កំពូលតារាងវិញ នៅពេល Real ដែលឈរនៅលេខ២ មានពិន្ទុស្មើគ្នាជាមួយក្រុមអ្នកមានបុណ្យត្រូវលេងទល់នឹងក្រុមលេខ៤ Sevilla ឈានចូលថ្ងៃចន្ទដើមសប្តាហ៍។

ក្រុមរបស់លោក Zinedine Zidane មានកំណត់ត្រាល្អរដូវកាលនេះទល់នឹង Barca និង Atletico និងមានឱកាសឡើងឈរកំពូលតារាង La Liga វិញ ប្រសិនបើអាចយកបាន ៣ពិន្ទុពិតមែនពី Sevilla។

លោក Ronald Koeman បានថ្លែងក្នុងសន្និសីទមុនប្រកួតទល់នឹង Atletico ថា «ខ្ញុំមិនដឹងថាលទ្ធផលនៃការប្រកួតនេះនឹងទៅជាយ៉ាងណានោះទេ ដ្បិតវាជាការប្រកួតដ៏សំខាន់។ យើងកំពុងប្រជែងជាមួយក្រុមខ្លាំង ២ផ្សេងទៀត ដើម្បីដណ្តើមជើងឯកលីគរដូវកាលនេះ។ យើងមិនអាចនឹកស្រមៃថា យើងកំពុងស្ថិតនៅកន្លែងណាកាលពីប៉ុន្មានខែមុន។ ដើម្បីក្លាយជាជើងឯក។ យើងត្រូវការឈ្នះគ្រប់ការប្រកួតចាប់ពីពេលនេះតទៅ។ ខ្ញុំជឿជាក់ថា ប្រសិនបើយើងឈ្នះរាល់ការប្រកួតនោះយើងនឹងក្លាយជាជើងឯក»