(អង់គ្លេស)៖ នៅមុនសតវត្សទី២០ «រោគមហារីកដំបៅ» បានក្លាយជាឃាតកសម្លាប់មនុស្សយ៉ាងសាហាវមួយផងដែរ ក្នុងចំណោមហេតុភេទគ្រោះថ្នាក់នានា ដោយភាគច្រើននៃមរណជនទាំងនោះ គឺជាអ្នកជំងឺដែលត្រូវវះកាត់នៅមន្ទីរពេទ្យ ប៉ុន្តែក្រោយមកគេនៅតែអាចរកវិធីដោះស្រាយបញ្ហានេះទាល់តែបាន តាមរយៈការខិតខំស្រាវជ្រាវរបស់វេជ្ជបណ្ឌិតជនជាតិអង់គ្លេសម្នាក់។

បណ្ឌិតអ្នកចេះវិជ្ជាពេទ្យរូបនោះមាននាមត្រកូលថា ចូសិប លីស្ទ័រ (Joseph Lister) ដែលមានកំណើតកើតជានៅស្រុកអាំតុន (Ampton) នៃចក្រភពអង់គ្លេស។ កាលណោះ ផែនដីចក្រភពអង់គ្លេសគ្របដណ្ដប់លើប្រទេសក្បែរខាងគ្នាចំនួន៤ រួមមាន៖ ប្រទេសអង់គ្លេស (England) ប្រទេសស្កុតលែន (Scotland) ប្រទេសវែល (Wales) និងប្រទេសអៀរឡង់ (Ireland) ខណៈអៀរឡង់សម័យនោះក៏មិនទាន់បំបែកគ្នាជាពីរដូចសព្វថ្ងៃដែរ។ យុវជន លីស្ទ័រ កាលបើបានចម្រើនវិជ្ជការជាគ្រូពេទ្យផ្នែកវះកាត់ហើយនោះ ក៏បានខិតខំសម្ភីបំពេញការងារតាមតួនាទីយ៉ាងយកចិត្តទុកដាក់ និងទទួលបានភាពល្បីល្បាញគួរសម។ នៅគ្រិស្ដសករាជ ១៨៦០ លោកត្រូវបានព្រះមហាក្សត្រីយានី វិកតូរីយ៉ា (Queen Victoria) នៃចក្រភពអង់គ្លេស ប្រោសព្រះរាជទានតែងតាំងជាសាស្ត្រាចារ្យផ្នែកវះកាត់នៅសាកលវិទ្យាល័យក្លាសកូវ (University of Glasgow) ដែលតាំងនៅដែនស្កុតលែននោះ។

មុនការស្រាវជ្រាវរបស់លីស្ទ័រ ជំងឺមហារីកដំបៅគឺជាមច្ចុរាជដ៏កំណាចមួយដែលតែងតែទារយកជីវិតអ្នកជំងឺក្នុងមន្ទីរពេទ្យទៅយ៉ាងច្រើន អាចនិយាយបានថា ជាងពាក់កណ្ដាលនៃអ្នកជំងឺដែលត្រូវវះកាត់ គឺត្រូវស្លាប់បាត់បង់ជីវិត។ នៅចំពោះមុខបញ្ហានេះ ពួកអ្នកស្រុកស្តុកលែនជឿថាមានខ្មោចព្រាយអាស្រ័យនៅតាមមន្ទីរពេទ្យ ដែលតែងតែយាយីធ្វើបាបអ្នកជំងឺទាំងឡាយ រហូតធ្វើឱ្យអ្នកខ្លះត្រូវស្លាប់ជាបន្តបន្ទាប់។ កាលណោះ មិនទាន់មានគ្រូពេទ្យណាម្នាក់រកឃើញដំណោះស្រាយ ឬស្រាវជ្រាវអំពីហេតុដែលធ្វើឱ្យអ្នកជំងឺស្លាប់នោះឡើយ ពួកគេបានត្រឹមតែចេះវះកាត់តាមជំនាញរៀងៗខ្លួន។ បញ្ហាសំខាន់មួយទៀតនោះ គឺកង្វះអនាម័យនៅកន្លែងវះកាត់ និងកន្លែងសម្រាកព្យាបាល រីឯគ្រឿងបរិក្ខារវេជ្ជសាស្ត្រនោះទៀតសោត ក៏មិនសូវមានការសម្អាតឱ្យហ្មត់ចត់ប៉ុន្មានឡើយ។

ប្រមាណនៅពាក់កណ្ដាលសតវត្សទី១៩ គ្រូពេទ្យផ្នែកវះកាត់នៅសហរដ្ឋអាមេរិកបានប្រើប្រាស់ប្រេងអេទែ (Ether) ជួយឱ្យអ្នកជំងឺសន្លប់ ហើយវះកាត់ដោយមិនមានការឈឺចាប់បន្តិចឡើយ ទើបមានគ្រូពេទ្រម្នាក់ដែលជាមិត្តរួមជំនាន់ជាមួយលីស្ទ័រ បាននាំយកវិធីនេះមកអនុវត្តនៅក្នុងចក្រភពអង់គ្លេស តែមិនទាន់ទូលំទូលាយនៅឡើយទេ។ ទោះបីជាការប្រើថ្នាំសន្លប់ក្នុងពេលវះកាត់នេះ ជាវិធីល្អបំផុតក៏ពិតមែន ប៉ុន្តែជំងឺមហារីកដំបៅនៅតែជាបញ្ហាចម្បងបំផុត ដូច្នេះហើយទើប ចូសិប លីស្ទ័រ បន្តខិតខំស្រាវជ្រាវវិធីព្យាបាលជំងឺមហារីកដំបៅនេះទៀត។ លោកសង្កេតឃើញថា ដំបៅមហារីកចាប់កើតឡើងដោយមានស្នាមអ័បសែជុំវិញដំបៅជាមុន។ ប្រការនេះ លោកក៏យល់ឃើញថា មកពីដំបៅទាំងនោះត្រូវនឹងខ្យល់បរិយាកាស។ ក្រោយមក លោកក៏ព្យាយាមរុំដំបៅរបស់អ្នកជំងឺយ៉ាងជិត មិនឱ្យត្រូវខ្យល់ឡើយ ប៉ុន្តែនៅតែមិនអាចការពារជំងឺមហារីកដំបៅនោះបាន។

ថ្ងៃមួយ សម្លាញ់របស់លោកនិយាយរឿងរបស់វេជ្ជបណ្ឌិតបារាំងម្នាក់ឈ្មោះ ល្វី បាស្ទ័រ (Louis Pasteur) និងណែនាំឱ្យលីស្ទ័រសាកល្បងសិក្សាអំពីពពួកអតិសុខុមប្រាណ ឬបាក់តេរី តាមឯកសារចងក្រងរបស់លោក ប៉ាស្ទ័រ។ សូមជម្រាបថា វេជ្ជបណ្ឌិត ល្វី ប៉ាស្ទ័រ គឺជាអ្នកស្រាវជ្រាវផ្នែកគីមីសាស្ត្រម្នាក់នៅប្រទេសបារាំងសែស ដោយលោកបានរកឃើញប្រភេទបាក់តេរីជាច្រើនប្រភេទ។ បាក់តេរីខ្លះផ្ដល់គុណសម្បត្តិដល់មនុស្ស ហើយក៏មានពពួកបាក់តេរីដែលផ្ដល់គុណវិបត្តិដល់មនុស្សសត្វផងដែរ។

ដោយយល់ដឹងអំពីទ្រឹស្ដីទាំងនេះហើយ លីស្ទ័របានព្យាយាមសិក្សាអំពីពពួកបាក់តេរីតាមទ្រឹស្ដីរបស់លោក ប៉ាស្ទ័រ ទើបលោកស្រាវជ្រាវរកឃើញថា មូលហេតុដែលធ្វើឱ្យមានដំបៅនោះ គឺបណ្ដាលមកពីពពួកបាក់តេរីនេះឯង ដោយពួកវាចូលទៅទុំស៉ីសាច់នៅតាមមុខវះ ព្រមទាំងបំបែកខ្លួនកាន់តែច្រើនទៅៗ ទើបធ្វើឱ្យដំបៅក្លាយជាមហារីកតែម្ដង។ ជាការពិតណាស់ បាក់តេរីទាំងនេះគឺជាពពួកផ្ដល់ទុក្ខទោសឱ្យមនុស្សសត្វ ដែលយើងហៅថា មេរោគ ឬ Virus នោះឯង។

ការស្រាវជ្រាវបន្ត គឺត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីកម្ចាត់ពពួកបាក់តេរីទាំងនោះ ប៉ុន្តែក្រោយមក លីស្ទ័រក៏បានដឹងថាមានតែទឹកអាល់កុល (Alcohol) ប៉ុណ្ណោះ ទើបអាចសម្លាប់ពពួកបាក់តេរីទាំងនោះ ហើយអាចការពារមិនឱ្យមេរោគចូលបានទៀតផង។ អ្នកជំងឺដំបូងដែលយកមកពិសោធថ្នាំនេះ គឺក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ដែលត្រូវរថយន្តកិនបាក់ជើង។ លីស្ទ័របានលាងមុខរបួសដោយប្រើទឹកអាល់កុល រួចហើយក៏ចងអបជើង និងរុំរបួសដោយសំពត់ស្អាត។ ប្រាំមួយសប្តាហ៍ក្រោយមក ក្មេងប្រុសដែលរងរបួសបាក់ជើងនោះ ក៏ដើរបានបណ្ដើរៗឡើងវិញ។

បន្ទាប់ពីរកឃើញវិធីដោះស្រាយបញ្ហាមហារីកដំបៅនោះរួមក លោកគ្រូពេទ្យ ចូសិប លីស្ទ័រ ក៏បានប្រកាសលទ្ធផលនៃការស្រាវជ្រាវ និងចុះបញ្ជីអ្នកជំងឺដែលរួចផុតពីសេចក្ដីស្លាប់ក្រោយពេលវះកាត់ តែទោះជាយ៉ាងនេះក្តី ក៏ពេទ្យផ្នែកវះកាត់ដទៃទៀតនៅពុំទាន់ជឿទុកចិត្តនៅឡើយទេ ដោយពួកគេជំទាស់ថាការដែលបានលទ្ធផលល្អនោះ គឺដោយសារតែជោគវាសនាច្រើនជាងគុណភាពរបស់ថ្នាំ។ មិនយូរប៉ុន្មាន ក៏មានពេទ្យផ្នែកវះកាត់ជាច្រើននាក់បានពិសោធថ្នាំដែលលីស្ទ័ររកឃើញ ហើយក៏បានលទ្ធផលពិតប្រាកដដូច្នោះមែន។

វិធីសម្លាប់មេរោគដែលលីស្ទ័ររកឃើញនោះ កាន់តែទទួលបានការពេញនិយមជាលំដាប់ក្នុងដែនស្កុតលែន។ ក្នុងគ្រិស្ដសករាជ ១៨៦៩ លោកបានទទួលការតែងតាំងឱ្យធ្វើជាសាស្ត្រាចារ្យផ្នែកវះកាត់ក្នុងមហាវិទ្យាល័យអេឌិនប្រក់ (Edinburgh College)។ នៅជំនាន់នោះ ពួកអភិជនទាំងឡាយក្នុងដែនស្កុតលែនបានក្លាយជាអ្នកជំងឺរបស់លីស្ទ័រ សូម្បីតែព្រះមហាក្សត្រីយានី វិកតូរីយ៉ា ក៏បានប្រោសប្រទានឱ្យលីស្ទ័រវះកាត់ថ្វាយទ្រង់ផងដែរ។ ក្រោយមក អធិរាជនីអង្គនេះក៏បានសព្វព្រះទ័យត្រាស់បង្គាប់តែងតាំងលោក ចូសិប លីស្ទ័រ ជារាជពេទ្យប្រចាំព្រះរាជដំណាក់ថែមទៀតផង។

ទោះបីជាមានស្នាដៃធំធេងយ៉ាងនេះក៏ដោយ ក៏លីស្ទ័រនៅពុំទាន់ពេញចិត្តឱ្យក្រៃលែងនៅឡើយដែរ ព្រោះថាថ្នាំសម្លាប់មេរោគរបស់លោក មានប្រើតែក្នុងប្រទេសស្តុតលែនប៉ុណ្ណោះ ហើយមន្ទីរពេទ្យសំខាន់ៗនៅឯរាជធានីក្រុងឡុងដ៍ នៅពុំព្រមយកទៅប្រើនៅឡើយទេ។ នៅគ្រិស្ដសករាជ ១៨៧៧ លោកចាប់ផ្តើមទទួលការអញ្ជើញឱ្យធ្វើជាសាស្ត្រាចារ្យផ្នែកវះកាត់នៅមន្ទីរពេទ្យហ្លួងក្រុងឡុងដ៍។ នៅទីនោះ លោកមានការធុញទ្រាន់យ៉ាងខ្លាំងចំពោះឥរិយាបថរបស់ក្រុមគ្រូពេទ្យចុះស្ដារ (Start ចាប់ផ្ដើមការងារដំបូង) ព្រោះតែពួកគេមិនយកចិត្តទុកដាក់ចំពោះអនាម័យក្នុងពេលបំពេញការងារ។ ពួកគេថែមទាំងមិនជឿជាក់លើវិធីប្រើថ្នាំសម្លាប់មេរោគរបស់លីស្ទ័រថែមទៀតដែរ។ ថ្ងៃមួយ លីស្ទ័របានប្រើថ្នាំសម្លាប់មេរោគក្នុងពេលវះកាត់បុរសម្នាក់ ដែលរងរបួសបែកក្បាលជង្គង់។ ក្នុងពេលនោះ គ្រូពេទ្យដទៃទៀតបែរជានាំគ្នាគិតថា បុរសម្នាក់នោះមុខជានឹងស្លាប់មិនខាន តែជាក់ស្ដែង អ្នកជំងឺបែរជារួចផុតពីសេចក្ដីស្លាប់វិញបាន ទើបឱ្យក្រុមគ្រូពេទ្យទាំងនោះផ្លាស់ប្ដូរទស្សនៈចំពោះលោកសាស្ត្រាចារ្យ លីស្ទ័រ ហើយងាកមកខិតខំសម្ភី និងសាកល្បងប្រើថ្នាំសម្លាប់មេរោគរបស់តាមលីស្ទ័រវិញ។

តាំងពីនោះមក ថ្នាំសម្លាប់មេរោគនេះក៏ជាគ្រឿងវេជ្ជសាស្ត្រដ៏ពេញនិយមសម្រាប់ការវះកាត់ ការសម្លាប់មេរោគ ក៏ដូចជាការលាងសម្អាតមុខរបួសជាដើម។ ស្នាដៃរបស់សាស្ត្រាចារ្យជនជាតិអង់គ្លេសរូបនេះ គឺបានជួយសង្គ្រោះជីវិតអ្នកជំងឺបានយ៉ាងច្រើន ពិសេសគឺបានជួយដល់វិស័យសុខាភិបាលយ៉ាងធំធេងផងដែរ៕