(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ដ្រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គេឃើញក្លិបសមាជិកលីគកំពូលកម្ពុជា បានចាប់ផ្ដើមចូលជុំរុំហ្វឹកហាត់ជាបណ្ដើរៗវិញហើយ ដើម្បីត្រៀមស្វាគមន៍ការប្រកួតត្រឡប់មកវិញ ដែលគ្រោងចាប់ផ្ដើមនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។

គិតត្រឹមថ្ងៃទី០៨ ខែឧសភានេះ ក្លិបដែលបានប្រមូលផ្ដុំហ្វឹកហាត់ជាថ្មី ហើយបានប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន មានដូចជាក្រុមការពារតំណែងជើងឯកបឹងកេត ភ្នំពេញក្រោន ណាហ្គាវើលដ៏ និងក្រុមវិសាខាជាដើម ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC។

ចំពោះការប្រកួត ដែលគ្រោងចាប់ផ្ដើមឡើងវិញ នាសប្ដាហ៍ក្រោយ CNCC នៅមិនទាន់ប្រកាសអំពីកម្មវិធីប្រកួត និងកាលបរិច្ឆេទថ្មីនោះទេ ដ្បិតមានការប្រកួតជាច្រើនបានលើកពេល មុនផ្អាកការប្រកួតបណ្ដោះអាសន្ន អំឡុងពេលរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយសារការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

យ៉ាងណាមិញក្នុងការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា នឹងប្រព្រឹត្តទៅក្រោមលក្ខខណ្ឌមួយចំនួន ដែលតម្រូវឲ្យក្លិបនីមួយៗ ត្រូវអនុវត្តមាន ពិសេសការប្រកួតនឹងបន្ដធ្វើឡើងលក្ខណៈបិទទ្វារមិនឲ្យមានទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន ហើយកីឡដ្ឋាន ដែលមានទីតតាំងនៅតំបន់ក្រហម គឺមិនត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ ឬរៀបចំការប្រកួតឡើយ។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា ត្រូវបាន CNCC ប្រកាសផ្អាកបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ដោយយោងតាមសេចក្ដីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តែក្រោយរាជរដ្ឋាភិបាលបានពន្យាពេលសេចក្ដីសម្រេចនេះ ១សប្ដាហ៍ទៀត CNCC ក៏បន្ដលើកពេលដែរ មុនមានការប្រជុំ និងកំណត់ប្រកួតឡើងវិញ នាថ្ងៃទី១៥ ខែឧសភាខាងមុខកាលពីថ្មីៗ៕