(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភានេះ បានចុះពិនិត្យទីតាំងហ្វឹកហាត់បណ្ដោះអាសន្នជាលក្ខណៈស្វ័យបុគ្គលរបស់ក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានផ្លាស់ប្ដូរទីតាំងហ្វឹកហាត់ពីពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ទៅទីនោះកាលពីថ្មីៗកន្លងទៅ។

ក្នុងនាមប្រធានសហព័ន្ធលោក ថោង ខុន បានធ្វើការណែនាំដល់លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធ សុំឲ្យយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបច្ចេកទេសមូលដ្ឋានគ្រឹះឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់នៅពេលស្ថានភាពកូវីដប្រសើរឡើងវិញ អាចធ្វើការហ្វឹកហាត់ជាមួយឧបករណ៍ ឬលំហាត់កម្រិតខ្ពស់ក្នុងគោលដៅឆ្ពោះទៅរកឧត្តមភាពជូនជាតិមាតុភូមិ សម្រាប់ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លើសពីនេះ លោកបានដើរពិនិត្យ កន្លែងសម្រាកស្នាក់នៅ កន្លែងញាំអាហារ ដោយលោកបានណែនាំបន្ថែមឲ្យយកចិត្តទុកដាក់រក្សាអនាម័យឲ្យបានល្អ តាមវិធានការក្រសួងសុខាភិបាល ពិសេសអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ។ ក្នុងឱកាសនោះ លោកក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០លានរៀល ជូនដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សម្រាប់ជាការប្រើប្រាស់ក្នុងការហ្វឹកហាត់ផងដែរ។

លោកអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា នេះគឺជាសកម្មភាពមិនអាចបំភ្លេចបាន ទោះបីក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏លោករដ្ឋមន្ដ្រី មិនដែលបំភ្លេចមន្ដ្រី ឬកូនចៅក្រោមឱវាទដែរ ជាពិសេសកីឡាករ-កីឡាការិនី ដែលកំពុងហ្វឹកហាត់ក្រោមដំបូលសហព័ន្ធ ។ ក្នុងន័យនេះ លោករំពឹងថា ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ នឹងស្ដាប់តាមការណែនាំ ហើយព្យាយាមហ្វឹកហាត់ ដើម្បីសម្រួចសមត្ថភាពត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។

គួរដឹងថា ក្រុមកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធ បានប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទទ្វារ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែដោយថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចយកទីតាំងពហុកីឡដ្ឋានជាតិ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងដោយមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC សហព័ន្ធក៏សម្រេចរៀបចំទីតាំងហ្វឹកហាត់បណ្ដុះអាសន្នជាលក្ខណៈស្វ័យបុគ្គល នៅមជ្ឈមណ្ឌល ហ្វឹកហាត់ប្រមូលផ្តុំ នៅពហុកីឡដ្ឋានជាតិមរតកតេជោវិញ ក្នុងនោះក៏មានកីឡាមួយចំនួន បានប្ដូរទៅទីនោះ ខណៈប្រភេទកីឡាខ្លះទៀត បានហ្វឹកហាត់តាមលំនៅដ្ឋាន ឬទីកន្លែងសុវត្ថិភាពរៀងៗខ្លួនផងដែរ៕