(ភ្នំពេញ)៖ ទស្សនវិទូ សូក្រាត (Socrates) ជាកំពូលទស្សនវិទូបុរាណក្រិកមួយរូប ដែលមានកំណើតកើតជាក្នុងបុរីរដ្ឋអាតែន (Athens) នាឆ្នាំ ៤៧០ មុនគ្រិស្ដសករាជ។ ទោះបីទ្រឹស្តីសូក្រាតមានឥទ្ធិពលខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែលោកពុំបានសរសេរកត់ត្រាទុក សម្រាប់មនុស្សជំនាន់ក្រោយនោះឡើយ។ អ្វីដែលគេបានដឹងអំពីសូក្រាតនោះ គឺដោយសារការកត់ត្រារបស់សិស្សលោក គឺទស្សវិទូ ប្លាតុង (Plato) ហើយប្លាតុងក៏មានសិស្សឆ្នើមម្នាក់ទៀត គឺទស្សនវិទូ អារីស្តូត (Aristotle) ចំណែកអារីស្តូតនេះទៀតសោត ក៏មានសិស្សដ៏ខ្លាំងពូកែម្នាក់ទៀត គឺព្រះចៅអធិរាជអាឡិចសង់ (Alexander the Great)។ តាមរយៈអ្នកទាំងអស់នេះហើយ ដែលធ្វើឱ្យទ្រឹស្ដី និងទស្សនវិជ្ជារបស់សូក្រាតកាន់តែរីកសាភាយពេញពិភពលោក។

ខាងក្រោមនេះគឺជាគតិបណ្ឌិតចំនួន ៥ ក្នុងចំណោមគតិបណ្ឌិតជាច្រើនរបស់សូក្រាត ដែលយើងខ្ញុំបានដកស្រង់ជូន៖

១៖ គំនិតថ្លៃជាងរូបកាយ ហើយចំណេះដឹង និងគុណធម៌ គឺមានតម្លៃថ្លៃជាងជីវិត។

២៖ ប្រសិនជាច្បាប់ណាមួយមានភាពអយុត្តិធម៌ គេត្រូវតែធ្វើវិសោធនកម្មច្បាប់នោះ ឬនិរាករណ៍ចោល ប៉ុន្តែបើច្បាប់នោះនៅជាធរមាននៅឡើយ ប្រជាជនចាំបាច់ត្រូវតែគោរពតាម។

៣៖ គេមិនត្រូវឆ្លើយតបទៅនឹងអំពើអយុត្តិធម៌ ដោយអំពើអយុត្តិធម៌ដែរនោះទេ។

៤៖ ខ្ញុំគ្រាន់តែមានភាពឆ្លាតសមល្មមអាចដឹងពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងតែប៉ុណ្ណោះ។

៥៖ មនុស្សមិនមែនមានចេតនាអាក្រក់នោះទេ ប៉ុន្តែការធ្វើអំពើអាក្រក់របស់ពួកគេ ដោយសារតែមនុស្សមិនមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីកំណត់ពីអំពើល្អ និងអំពើអាក្រក់៕